ជប៉ុនសម្រេចដាក់ការរឹតត្បឹតចំពោះអ្នកដំណើរមកពីអាហ្វ្រិកខាងត្បូង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ប្រភេទថ្មី
រដ្ឋាភិបាលជប៉ុនបានរឹតបន្តឹងច្បាប់របស់ខ្លួនសម្រាប់អ្នកធ្វើដំណើរមកពីអាហ្រ្វិកខាងត្បូង ដែលជាកន្លែងនៃមេរោគ COVID-19 ប្រភេទថ្មីមួយផ្សេងទៀត (ខុសពីនៅអង់គ្លេស) ត្រូវបានរកឃើញនៅទីនោះ។ ប្រទេសជប៉ុនបានចាប់ផ្តើមបដិសេធការចូលមករបស់អ្នកដំណើរមកពីអាហ្រ្វិកខាងត្បូងនៅថ្ងៃសៅរ៍នេះ ប៉ុន្តែជនជាតិជប៉ុន និង បរទេសដែលមានទីលំនៅក្នុងប្រទេសជប៉ុន ត្រូវបានអនុញ្ញាតឱ្យចូលមកបាន ដោយត្រូវបានស្នើសុំឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ នៅពេលមកដល់។

ជនជាតិជប៉ុនដែលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងត្រូវបានស្នើសុំឱ្យផ្តល់ភ័ស្តុតាងថា ពួកគេបានធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ មុនពេលចាកចេញពីប្រទេស។ ចំណែកអ្នកដែលមិនមែនជាជនជាតិជប៉ុន ដែលមានទីលំនៅនៅក្នុងប្រទេសជប៉ុន ត្រូវបានគេស្នើសុំឱ្យធ្វើដូចគ្នា។ វិធានការណ៍ស្រដៀងគ្នានេះក៏មានសម្រាប់ប្រជាជនដែលធ្វើដំណើរមកពីចក្រភពអង់គ្លេស ដែលមានមេរោគ COVID-19 ថ្មីមួយទៀតកំពុងរីករាលដាលនៅទីនោះ។
គិតត្រឹមថ្ងៃសុក្រប្រទេសជប៉ុនបានបញ្ជាក់ថា មានមនុស្សចំនួន ៥នាក់ ដែលត្រឡប់មកពីអង់គ្លេសបានធ្វើតេស្តវិជ្ជមានចំពោះវីរុសប្រភេទថ្មីនេះ ដោយពួកគេបានមកដល់ប្រទេសជប៉ុននៅចន្លោះថ្ងៃទី១៨ និង ២១ ខែធ្នូ។ ក្រសួងសុខាភិបាលជប៉ុននិយាយថា ខ្លួនជឿជាក់ថាបុគ្គលទាំង ៥នាក់ មិនបានឆ្លងជំងឺនេះនៅជប៉ុនទេ ដោយសារពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នានៅឯសណ្ឋាគារ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានក្នុងអំឡុងពេលត្រួតពិនិត្យសុខភាពនៅអាកាសយានដ្ឋាន។
មន្រ្តីជប៉ុនក៏កំពុងព្យាយាមពន្លឿនដំណើរការដើម្បីកំណត់ថា តើអ្នកដំណើរដទៃដែលមកដល់ព្រលានយន្តហោះជប៉ុន ដែលទើបត្រឡប់ពីប្រទេសអង់គ្លេសពីមុនៗមានឆ្លងមេរោគថ្មីនេះដែរឬទេ។ ពួកគេកំពុងរៀបចំឱ្យវិទ្យាស្ថានជាតិនៃជំងឺឆ្លងទទួលបានសំណាកដែលប្រមូលបាននៅអាកាសយានដ្ឋានដើម្បីវិភាគ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK