ថៃព្រមានបិទប្រទេសទាំងមូលនៅខែមីនា ឆ្នាំក្រោយ បើពលរដ្ឋនៅតែមិនព្រមសហការណ៍ជាមួយនឹងអាជ្ញាធរសុខាភិបាល
ថៃ៖ រដ្ឋាភិបាលថៃបានចេញសេចក្តីព្រមានសារជាថ្មីកាលពីថ្ងៃសុក្រមិ្សលមិញថា បើពលរដ្ឋមិនព្រមធ្វើតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនោះទេ ការបិទប្រទេសទាំងមូលអាចនឹងត្រូវធ្វើឡើងជាមិនខាននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ បានប្រាប់សារព័ត៌មាន បាងកកប៉ុស្តិ៍ ថា មានពលរដ្ឋថៃជាច្រើនមិនបានចូលរួមសហការណ៍ជាមួយអាជ្ញាធរឲ្យបានត្រឹមត្រូវនោះទេ ដូចជាមិនព្រមចេញមកធ្វើតេស្ត មិនអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងនៅតែបន្តធ្វើការជួបជុំគ្នានៅទីសាធារណៈជាដើម។

អ្នកនាំពាក្យរូបនេះបានបន្តថា បើពលរដ្ឋនៅតែមិនព្រមសហការណ៍ជាមួយអាជ្ញាធរឲ្យបានហ្មត់ចត់ទេនោះ ការរាតត្បាតជំងឺនឹងបន្តធ្ងន់ធ្ងរឡើងៗពេញផ្ទៃប្រទេស ហើយស្ថិតនៅក្នុងស្ថានភាពអាក្រក់នោះរដ្ឋាភិបាលអាចនឹងសម្រេចបិទប្រទេសទាំងមូលតែម្តងនៅក្នុងខែ មីនា ឆ្នាំក្រោយនេះ។ សូមបញ្ជាក់ថា សេចក្តីព្រមានផ្លូវការខាងលើនេះត្រូវបានធ្វើឡើងក្រោយពីចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ដែលមានប្រភពផ្ទុះចេញមកពីខេត្តសាមុតសាខនបានបន្តកើនឡើងជាលំដាប់ ខណៈការរាតត្បាតបានបន្តទៅដល់ខេត្ត-ក្រុងចំនួន ៣១ ហើយនៅទូទាំងប្រទេសថៃ។ សូមបញ្ជាក់ថា គិតមក
ទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ដែលបានឆ្លងចេញពីផ្សារលក់បង្គានៅក្នុងខេត្តសាមុតសាខនមានចំនួន ១ ៤៣៣ ករណីហើយ ដែលក្នុងនោះមានប្រមាណជា ១ ២០០ ករណីបានកើតឡើងចំពោះក្រុមពលករចំណាកស្រុក៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍