ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅចាំអ្នកកាសែតម្នាក់នេះទេ? ឥឡូវនេះតុលាការចិនសម្រេចដាក់ទោសគាត់ឱ្យជាប់គុក ៤ឆ្នាំ ទាក់ទងនឹងការរាយការណ៍ពីជំងឺកូវីដ១៩ ដែលផ្ទុះនៅទីក្រុងវូហាន

    BY autoadmin December 28, 2020
    នៅចាំអ្នកកាសែតម្នាក់នេះទេ? ឥឡូវនេះតុលាការចិនសម្រេចដាក់ទោសគាត់ឱ្យជាប់គុក ៤ឆ្នាំ ទាក់ទងនឹងការរាយការណ៍ពីជំងឺកូវីដ១៩ ដែលផ្ទុះនៅទីក្រុងវូហាន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា អ្នកកាសែតសញ្ជាតិចិនម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ នៅថ្ងៃច័ន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ ពីបទរាយការណ៍ផ្ទាល់ ពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅទីក្រុង Wuhan ដែលគិតមកទល់ពេលនេះគឺមានរយៈពេលជាង ១ឆ្នាំ ទៅហើយក្ដី។ អ្នកការសែតនិងជាអតីតមេធាវីម្នាក់នោះមានឈ្មោះថា Zhang Zhan អាយុ ៣៧ឆ្នាំ ហើយគាត់ត្រូវបានគេកាត់ទោសនៅតុលាការមួយក្នុងទីក្រុងសៀងហៃ។ មុននេះគាត់ក៏ត្រូវបាន BBC ចុះផ្សាយថា អាចប្រឈមមុខនឹងការជាប់គុករយៈពេល ៥ឆ្នាំ ដោយសារការរាយការណ៍ផ្ទាល់របស់គាត់ ក្រោមការចោទប្រកាន់ថា «នាំឱ្យមានជម្លោះ និងបង្កបញ្ហា»។

    របាយការណ៍ផ្សាយផ្ទាល់និងអត្ថបទខ្លីៗរបស់គាត់ ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមក្នុងខែកុម្ភៈ រហូតបានឮដល់មន្ត្រីអាជ្ញាធរ ដែលកន្លងមកពួកគេបានចាប់ខ្លួនមនុស្ស ៨នាក់ ពាក់ព័ន្ធនឹងការបើកកកាយរឿងនៅទីក្រុង Wuhan នេះ។ អ្នកគាំទ្រនិងអ្នកការទូតប្រមាណ ១២នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការប្រជាជនសៀងហៃពូដុងថ្មី នៅព្រឹកថ្ងៃច័ន្ទ ប៉ុន្តែប៉ូលីសបានរុញអ្នកកាសែតនិងអ្នកសង្កេតការណ៍ចេញ នៅពេលដែលមេធាវី និងអ្នកកាសែតជាប់ចោទបានមកដល់។

    យោងតាមមេធាវីរបស់អ្នកកាសែត Zhang Zhan បាននិយាយថា គាត់បានចាប់ផ្តើមធ្វើកូដកម្មអត់អាហារកាលពីខែមិថុនា ហើយត្រូវបានបង្ខំឱ្យទទួលយកអាហារតាមបំពង់បង្ហូរចូលក្នុងពោះ ដោយសារសុខភាពរបស់គាត់កាន់តែចុះខ្សោយ។ អ្នកកាសែតរូបនោះធ្លាប់បាននិយាយថា ប្រសិនបើគាត់ត្រូវបានគេកាត់ទោសធ្ងន់ធ្ងរគាត់នឹងមិនហូបអាហារទេ គាត់សុខចិត្តស្លាប់នៅក្នុងគុក។ មេធាវីរបស់គាត់និយាយថា គាត់បង្អត់អាហារដើម្បីតវ៉ាចំពោះការកាត់ទោស និងសង្គមដែលគាត់រស់នៅនេះ។

    ព្រះរាជអាជ្ញាបានផ្តល់អនុសាសន៍ឱ្យកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារពី ៤ ទៅ ៥ឆ្នាំ ប៉ុន្តែនាងនៅតែរក្សាភាពគ្មានទោសពៃរ៍រហូតដល់ថ្ងៃច័ន្ទ ដែលជាថ្ងៃសម្រេចចុងក្រោយនេះ។ ជម្រាបដែរថា Zhang Zhan បានរិះគន់ចំពោះការឆ្លើយតបដំបូងនៅទីក្រុង Wuhan ពីសំណាក់អាជ្ញាធរ ដោយនៅក្នុងអត្ថបទរបស់គាត់ កាលពីខែកុម្ភៈបានសរសេរថា រដ្ឋាភិបាលមិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់ទេ បន្ទាប់មកក៏ចាក់សោទីក្រុងតែម្ដង ដែលនាងបានចោទទង្វើនេះជាការរំលោភសិទ្ធមនុស្ស។ គាត់គឺជាអ្នកកាសែតទី១ ដែលបានអូសបន្លាយរឿងក្ដីរហូតមកដល់ពេលនេះ ខណៈដែលមានអ្នកកាសែត ៣នាក់ រួចមកហើយ ដែលត្រូវបានអាជ្ញាធរចិនចាប់ដាក់គុកក្នុងរឿងស្រដៀងគ្នានេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: