អន្តរជាតិ

ថៃគ្រោងនឹងផ្តល់សិទ្ធការងារស្របច្បាប់ចំពោះពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាប្រមាណជា ១ លាននាក់

BY
autoadmin
December 30, 2020

ថៃ៖ ក្រសួងមហាផ្ទៃថៃបានដាក់ដំណើរទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីសុំចុះឈ្មោះពលករខុសច្បាប់ប្រមាណជា  ១ លាននាក់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃស្រាប់ ឲ្យក្លាយជាពលរកស្របច្បាប់តែម្តងដោយមិនចាំបាច់ចាត់វិធានការតាមផ្លូវច្បាប់ចំពោះពួកគេនោះទេ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថាក្រុមពលករខុសច្បាប់ប្រមាណជា ១ លាននាក់នោះមានដូចជាពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ហើយគេរំពឹងថាការសម្រេចចុះឈ្មោះឲ្យពលករទាំងនេះមានសិទ្ធធ្វើការងារដោយស្របច្បាប់នៅក្នុងប្រទេសថៃអាចនឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ដែលនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។

បើតាមប្រភពខាងលើបានបន្តថា ការសម្រេចផ្តល់សិទ្ធធ្វើការងារស្របច្បាប់ចំពោះក្រុមពលករទាំងនេះគឺជាកត្តាដ៏សំខាន់មួយក្នុងការទ​ប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃ ព្រោះពលករខុសច្បាប់ទាំងនោះមិនហ៊ានចេញទៅធ្វើតេស្តរកជំងឺកូវីដ ១៩ឡើយដោយខ្លាចអាជ្ញាធរចាប់ខ្លួន ខណៈពួកគេគឺជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងឆ្លងជំងឺកូវីដ ១៩ ដែលផ្ទុះចេញពីខេត្តសាមុតសាខន។ យ៉ាងណាក្តីក្រសួងមហាផ្ទៃថៃបានបញ្ជាក់ថា ការផ្តល់សិទ្ធការងារស្របច្បាប់នេះធ្វើឡើងចំពោះតែក្រុមពលករដែលមានវត្តមាននៅក្នុងប្រទេសថៃស្រាប់ត្រឹមថ្ងៃប្រកាសដំណឹងនេះតែប៉ុណ្ណោះ ហើយពលករផ្សេងទៀតដែលចូលមកប្រទេសថៃដោយខុសច្បាប់បន្ទាប់ពីថ្ងៃនេះទៅនឹងត្រូវអនុវត្តទោសទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះថៃមានពលករស្របច្បាប់ប្រមាណជា ២,៣-២,៥ លាននាក់ និងពលករខុសច្បាប់ប្រមាណជា ១ លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: