ការសិក្សាមួយបានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ១៩ ជាក់ស្តែងនៅទីក្រុងវ៉ូហានអាចមានចំនួនច្រើនជាងតួលេខក្នុងរបាយការណ៍ជិត ១០ ដងឯណោះ
ចិន៖ ការសិក្សាមួយបានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ ១៩ ពិតប្រាកដនៅក្នុងក្រុងវ៉ូហាន ប្រទេសទេសចិន អាចមានចំនួនរហូតដល់ទៅកន្លះលានករណី ពោលគឺមានចំនួនច្រើនជាងតួលេខដែលខាងអាជ្ញាធរសុខាភិបាលចិនបានបង្ហាញជាសាធារណៈរហូតដល់ទៅជិត ១០ ដងឯណោះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិន (CDC) ដែលទើបនឹងចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះ។ ប្រភពខាងបានបន្តថា ការសិក្សាមួយនេះត្រូវបានគេធ្វើឡើងតាមរយៈការគណនាចំនួនអ្នកឆ្លងដំបូងនៅក្នុងទីតាំងជាក់លាក់ណាមួយជាមួយនឹងអត្រាចម្លងក្នុងកម្រិតផ្សេងៗគ្នាតាមទីតាំងនីមួយៗដោយផ្អែកលើចំនួនពលរដ្ឋសរុបនៅក្នុងទីតាំងទាំងនោះ ដើម្បីស្វែងរកអត្រាចម្លងគិតជាមធ្យម។

រូបមន្តមួយនេះត្រូវបានគេយកទៅអនុវត្តនៅតាមបណ្តាទីតាំងរសើបមួយចំនួនដូចជា ទីក្រុងប៉េកាំង ទីក្រុងហៀងហៃ ខេត្តក្វាងទុង ខេត្តជាំងស៊ូ ខេត្តស៊ីឈួន ខេត្តលីអានីន និងតំបន់សំខាន់ៗជាច្រើនទៀតនៅក្នុងប្រទេសចិនដោយបានបង្ហាញលទ្ធផលជារួមមួយគឺត្រឹមត្រូវអាចទទួលយកបាន។ ដោយឡែកនៅពេលដែលគេអនុវត្តរូបមន្តដដែលនេះនៅក្នុងក្រុងវ៉ូហានជាទីកន្លែងផ្តើមកើតមានជំងឺកូវីដ ១៩ មុនគេ ដែលមានពលរដ្ឋសរុបចំនួន ១១ លាននាក់ និងអត្រាចម្លងខ្ពស់ ៤,៤៣% នោះ គឺលទ្ធផលបានបង្ហាញថា តួលេខរបស់អាជ្ញាធរសុខាភិបាលចិននិងលទ្ធផលនៃការគណនាគឺខុសគ្នាឆ្ងាយណាស់។ បើតាមលទ្ធផលនៃការសិក្សាបានបង្ហាញថា ក្រុងវ៉ូហានអាចមានអ្នកឆ្លងជំងឺកូវីដ ១៩ រហូតដល់កន្លះលានករណី ខណៈអាជ្ញាធរសុខាភិបាលចិនរាយការណ៍ថាមានត្រឹមតែ ៥០ ៣៥៤ ករណីប៉ុណ្ណោះ ដូចនេះតួលេខជាក់ស្តែងនិងលទ្ធផលនៃការសិក្សាគឺខុសគ្នាជិត ១០ ដងឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN