ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅអង់គ្លេសជាផ្លូវការ

    BY autoadmin December 30, 2020
    វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅអង់គ្លេសជាផ្លូវការ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ត្រូវបានអនុញ្ញាតិឱ្យប្រើប្រាស់នៅចក្រភពអង់គ្លេសជាផ្លូវការ ខណៈដែលចក្រភពអង់គ្លេសបានបញ្ជាទិញវាចំនួន ១០០ លានដូស ដើម្បីចាក់វ៉ាក់សាំងដល់ពលរដ្ឋប្រមាណ ៥០ លាននាក់។ រដ្ឋលេខាធិកាក្រសួងសុខាភិបាលលោក Matt Hancock បានមានប្រសាសន៍ថា ប្រការនេះនឹងធ្វើឱ្យប្រទេសខ្លួនអាចផ្ដល់ជូនវ៉ាក់សាំងដល់ពលរដ្ឋទាំងមូល បូករួមទាំងវ៉ាក់សាំងពីក្រុមហ៊ុន Pfizer-BioNTech ដែលខ្លួនបានបញ្ជាទិញផងដែរ។

    ការប្រកាសនេះគឺបានកើតឡើងនៅពេលដែលមនុស្សរាប់លាននាក់នៅក្នុងប្រទេសអង់គ្លេស ត្រូវបានគេរំពឹងថា នឹងត្រូវដាក់នៅក្រោមការរឹតត្បិតយ៉ាងតឹងរឹងបំផុតកម្រិតទី៤។ កាលពីថ្ងៃអង្គារម្សិលមិញនេះ មានករណីជំងឺ COVID-19 សរុបប្រមាណ ៥៣,១៣៥ ករណី ត្រូវបានកត់ត្រានៅចក្រភពអង់គ្លេស ដែលជាការកើនឡើងក្នុងមួយថ្ងៃច្រើនបំផុតមិនធ្លាប់មានពីមុនមក បូករួមទាំងការស្លាប់ថ្មីចំនួន ៤១៤នាក់ ត្រូវបានរាប់បញ្ចូល។

    វ៉ាក់សាំង Oxford-AstraZeneca ត្រូវបានរចនាឡើងក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ២០២០ ដែលត្រូវបានសាកល្បងលើអ្នកស្ម័គ្រចិត្តដំបូងក្នុងខែមេសា ហើយចាប់តាំងពីពេលនោះមក វាបានឆ្លងកាត់ការសាកល្បងព្យាបាលទ្រង់ទ្រាយធំដែលមានមនុស្សរាប់ពាន់នាក់ចូលរួម។ គិតចាប់តាំងពីអង់គ្លេសបើកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មានមនុស្ស ៦០០,០០០ បានចាក់វ៉ាក់សាំងរួចមកហើយ ហើយការចាប់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំនេះនឹងនៅតែបន្ដ រហូតដល់ពួកគេអាចចាប់ផ្ដើមវិលរកជីវិតធម្មតាវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: