ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យម៉ាឡេស៊ីមានអត្រាអ្នកបែកបាក់ស្នេហាច្រើនបំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២០ ដោយសារតែហេតុផលនេះ

    BY autoadmin January 2, 2021
    វិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យម៉ាឡេស៊ីមានអត្រាអ្នកបែកបាក់ស្នេហាច្រើនបំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២០ ដោយសារតែហេតុផលនេះ

    ម៉ាឡេស៊ី៖ វិបត្តិនៃជំងឺកូវីដ ១៩ មិនត្រឹមតែបានធ្វើឲ្យពលរដ្ឋត្រូវបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល មានបញ្ហាផ្លូវចិត្ត និងអ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិតប៉ុណ្ណោះទេ តែបើយោងតាមការសិក្សាមួយចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា​ វិបត្តិសកលមួយនេះបានធ្វើឲ្យអត្រាបែកបាក់ស្នេហានៅក្នុងប្រទេសម៉ាឡេស៊ីកើនឡើងខ្ពស់មិនធ្លាប់មានផងដែរនៅក្នុងឆ្នាំ ២០២០ នេះ។ ប្រភពខាងលើបន្តថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងកាលពីចុងឆ្នាំ ២០២០ ដោយផ្អែកទៅលើកំណើនជាង ៣០% នៃអាត្រាពលរដ្ឋដែលបានដាក់ពាក្យស្វែងរកគូស្នេហ៍ជាលក្ខណៈអន្តរជាតិ។ កំណើនជាង ៣០%នេះបានក្លាយជារឿងគួរឲ្យកត់សម្គាល់មួយរហូតក្រុមអ្នកជំនាញបានសម្រេចធ្វើការសិក្សាពីករណី​មិនធ្លាប់មាននេះតែម្តង។

    លទ្ធផលនៃការសិក្សាបានបង្ហាញថា ៨៣% នៃអ្នកដែលបានដាក់ពាក្យស្វែងរកគូស្នេហ៍តាមរយៈគេហទំព័រ SweetRing គឺជាអ្នកដែលទើបនឹងបាត់បង់ស្នេហាក្នុងអំឡុងពេលនៃការកើតមានវិបត្តិជំងឺកូវីដ ១៩ ហើយមូលហេតុចម្បងរួមមួយនៃការបែកបាក់ស្នេហារបស់ពួកគេគឺព្រោះតែពួកគេត្រូវរស់នៅឆ្ងាយពីគ្នា មិនអាចជួបគ្នាបានក្នុងរយៈពេលយូរ រហូតធ្វើឲ្យទំនាក់ទំនងស្នេហាត្រូវបញ្ចប់តែម្តង។

    ការសិក្សាខាងលើបានបង្ហាញលម្អិតទៀតថា នៅក្នុងចំណោមអ្នកដែលបានដាក់ពាក្យស្វែងរកគូស្នេហទាំងនោះភាគច្រើនគឺជាបុគ្គលិកសុខាភិបាលភេទស្រី ហើយបន្ទាប់មកទៀតគឺក្រុមគ្រូបង្រៀននិងអ្នកមគ្គុទេសទេសចរណ៍ ខណៈដែលចំនួនភាគតិចគឺជាក្រុមបុរសដែលធ្វើការងារជាវិស្វករ ធ្វើការងារក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យឧស្សាហកម្ម។ ការសិក្សាក៏បានឲ្យដឹងផងដែរថា គោលបំណងសំខាន់បំផុតមួយរបស់ក្រុមពលរដ្ឋដែលបានដាក់ពាក្យស្វែងរកគូស្នេហ៍ទាំងនេះគឺពួកគេចង់ត្រលប់ទីកាន់ផ្ទះសម្បែងរបស់ពួកគេដូចធម្មតាវិញនិងរស់នៅដោយមានក្តីសុខដូចកាលពីគ្មានជំងឺកូវីដ ១៩៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: