ស្រ្តីឥណ្ឌូនេស៊ីម្នាក់មានសំណាងនៅរស់មានជីវិត បន្ទាប់ពីបាត់ខ្លួននៅលើកោះមួយរយៈពេល១៨ខែ
ឥណ្ឌូនេស៊ី៖ ស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបានបាត់ខ្លួនតាមទឹកសមុទ្ររយៈពេល ១៨ ខែទៅហើយនោះ ស្រាប់តែមានសំណាងនៅរស់មានជីវិត បន្ទាប់ពីនាងត្រូវបានទឹករលកសមុទ្របោកបក់ទៅជាប់នៅលើកោះមួយ។ ស្រ្តីកំពូលសំណាងរូបនេះមានឈ្មោះថា Nining Sunarsih អាយុ ៥៣ ឆ្នាំ រស់នៅក្នុងខេត្ត West Java ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ ឪពុករបស់ស្រ្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា យប់មួយនៅក្នុងខែ មករា ឆ្នាំ ២០១៧ ស្ត្រីរងគ្រោះរួមជាមួយនឹងសមាជិកគ្រួសារបានជួបនឹងការវាយប្រហារដោយរលកធំមួយ ខណៈដែលពួកគាត់កំពុងធ្វើដំណើរនៅតាមឆ្នេរសមុទ្រ។
ក្នុងហេតុការណ៍នោះស្រ្តីរងគ្រោះបានបាត់ខ្លួន ហើយខាងគ្រួសាររបស់នាងបានព្យាយាមស្វែងនាងអស់ជាពេលជាច្រើនថ្ងៃតែនៅតែមិនឃើញនាង ហើយពេលនោះគេបានគិតថា នាងបានស្លាប់នៅក្នុងទឹកសមុទ្រនោះបាត់ទៅហើយ។ យ៉ាងណាក្តី កាលពីពេលថ្មីនេះ ឪពុករបស់ស្ត្រីរងគ្រោះបានយល់សប្តិឃើញជាច្រើនដងថា កូនស្រីរបស់គាត់នៅមានជីវិតនៅឡើយ និងកំពុងរង់ចាំគេជួយនៅលើមួយដែលគេធ្លាប់ទៅរកនាងនោះ។
ដូចនេះគាត់ក៏សម្រេចទៅស្វែករងកូនម្តងទៀត ហើយទីបំផុតទៅ គាត់បានស្វែករកឃើញកូននោះមែនដោយនាងកំពុងដេកសន្លប់នៅខ្សាច់ និងស្ថិតនៅក្នុងសំលៀកបំពាក់ចាស់ដែលនាងស្លៀកក្នុងថ្ងៃបាត់ខ្លួននោះដដែល។ នេះជាសំណាង និងអភូតហេតុមួយ ដែលកម្រនឹង កើតមាននៅក្នុងជីវិតពិតជាក់ស្តែងរបស់មនុស្សណាស់៕



អត្ថបទ៖ ភក្តី
ប្រភព៖ dailymail