ឥណ្ឌាបានអនុម័តជាផ្លូវការឱ្យមានការប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២ ប្រភេទនេះជាបន្ទាន់
ឥណ្ឌាបានអនុម័តជាផ្លូវការឱ្យមានការប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចំនួន ២ ប្រភេទជាបន្ទាន់ ខណៈដែលខ្លួនត្រៀមចាប់ផ្ដើមការចាក់វ៉ាក់សាំងបង្ការជំងឺ ទ្រង់ទ្រាយធំបំផុតមួយនៅលើពិភពលោក។ អាជ្ញាធរត្រួតពិនិត្យថ្នាំឥណ្ឌាបានផ្តល់ភ្លើងបៃតងដល់វ៉ាក់សាំងបង្ការ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca ជាមួយសាកលវិទ្យាល័យ Oxford និង វ៉ាក់សាំងដោយក្រុមហ៊ុនក្នុងស្រុក Bharat Biotech ។ ក្នុងនោះផងដែរលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី បានហៅវាថាជា «ការសម្រេចចិត្តចំគោលដៅមួយ» ខណៈឥណ្ឌាគ្រោងនឹងប្រមូលប្រជាជនចំនួន ៣០០ លាននាក់ ចូលក្នុងបញ្ជីអាទិភាពនៅឆ្នាំនេះ។

ជម្រាបដែរថាប្រទេសនេះមានអ្នកឆ្លងជំងឺ COVID-19 ច្រើនបំផុតទី២ នៅលើពិភពលោក ដោយមានករណីឆ្លងជាង ១០.៣ លាននាក់ ហើយមានមនុស្សជិត ១៥ ម៉ឺននាក់ បានស្លាប់ដោយសារវា។ កាលពីថ្ងៃសៅរ៍ ប្រទេសឥណ្ឌាបានធ្វើសមយុទ្ធទូទាំងប្រទេសដើម្បីត្រៀមបុគ្គលិកសុខាភិបាលជាង ៩ ម៉ឺននាក់ សម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ដែលមានប្រជាជនសរុប ១.៣ ពាន់លាននាក់មួយនេះ។ អគ្គនាយកត្រួតពិនិត្យឱសថឥណ្ឌាបាននិយាយថា វ៉ាក់សាំងទាំងនេះគឺមានប្រសិទ្ធភាពនិងសុវត្ថិភាព ដោយសារថាពួកវាមានទិន្នន័យ និងការសិក្សាត្រឹមត្រូវគ្រប់គ្រាន់ មុនពេលដែលឥណ្ឌាសម្រេចចិត្តអនុម័តឱ្យមានការប្រើប្រាស់ជាផ្លូវការ។ ប៉ុន្តែយ៉ាងណាក៏ដោយវានៅតែមានការរិះគន់ពីក្រុមអ្នកប្រឆាំង ចំពោះតម្លាភាពនៃការអនុម័តវ៉ាក់សាំងនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC