ប្រទេសថៃនឹងទទួលបានវ៉ាក់សាំង Sinovac របស់ប្រទេសចិន ចាប់ពីខែក្រោយនេះតទៅ
ក្រសួងសុខាភិបាលសាធារណៈថៃបាននិយាយថា ប្រទេសខ្លួនត្រៀមនឹងទទួលបានវ៉ាក់សាំងចំនួន ២ លានដូស ពីក្រុមហ៊ុន Sinovac Biotech (ស៊ីណូវ៉ាក់) របស់ប្រទេសចិនចាប់ពីខែក្រោយនេះតទៅ។ ប្រភពដដែលបាននិយាយថា វ៉ាក់សាំងចំនួនដំបូងចំនួន ២០០ ០០០ ដូស នឹងមកដល់នៅខែក្រោយ ខណៈវ៉ាក់សាំងចំនួន ៨០០ ០០០ ដូស ផ្សេងទៀតនឹងមកដល់ក្នុងខែមីនា ហើយលើកចុងក្រោយដែលមានចំនួន ១ លានដូស នឹងមកដល់នៅខែមេសា។ រំលឹកដែរថាប្រទេសថៃសព្វថ្ងៃនេះ កំពុងប្រឈមនឹងរលកថ្មីនៃជំងឺ COVID-19 ចាប់តាំងពីមានការផ្ទុះករណីក្នុងស្រុកនៅខេត្តសាមុតសាខន។

ក្រុមហ៊ុនថៃ Siam Bioscience កំពុងស្ថិតក្នុងដំណើរការផលិតវ៉ាក់សាំង COVID-19 របស់ AstraZeneca ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យ Oxford ហើយវ៉ាក់សាំងនោះ ត្រូវបានគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅខែឧសភាផងដែរ។ រដ្ឋាភិបាលថៃក៏បានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋប្រមាណ ៣៣ លាននាក់ នៅចុងឆ្នាំនេះ ឬស្មើនឹងពាក់កណ្ដាលនៃពលរដ្ឋថៃទូទាំងប្រទេស។ ថ្មីៗនេះប្រទេសថៃក៏បានបញ្ជាឱ្យមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ឱ្យលុបចោលការផ្សព្វផ្សាយពាណិជ្ជកម្មវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដោយសារថាវានៅមិនទាន់មានការណែនាំពី FDA ថៃនៅឡើយទេ៕


អត្ថបទ៖ លីដា
ប្រភព៖ The Thaiger