ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងសម្លឹងរកទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣៥ លានដូសបន្ថែមទៀត

    BY autoadmin January 6, 2021
    ថៃកំពុងសម្លឹងរកទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣៥ លានដូសបន្ថែមទៀត

    ថៃ៖ រដ្ឋាភិបាលថៃកំពុងតែស្វែងរកការបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣៥ លានដូសបន្ថែមទៀត ដែលធ្វើឲ្យចំនួនវ៉ាក់សាំងសរុបដែលថៃបានបញ្ជាទិញកើនដល់ ៦៣ លានដូស នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដែលបានចុះផ្សាយតាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍។ យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីថៃរូបនេះមិនបានបញ្ជាក់ទេថា វ៉ាក់សាំងចំនួន ៣៥ លានដូសបន្ថែមទៀតនេះនឹងត្រូវទិញមកពីទីប្រទេសណាមួយដោយលោកគ្រាន់តែបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃនឹងសម្រេចទិញវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់បំផុតស្របតាមស្តង់ដារបស់រដ្ឋបាលចំណីអាហារនិងឱសថប្រចាំប្រទេសថៃ ខណៈពេលនេះស្ថាប័នជាតិថៃមួយនេះកំពុងតែធ្វើការងារយ៉ាងសកម្មជាមួយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ថៃ ដើម្បីត្រួតពិនិត្យចំពោះគុណភាពវ៉ាក់សាំងដែលរដ្ឋាភិបាលគ្រោងនឹងបញ្ជាទិញ។

    សូមបញ្ជាក់ថា នៅចុងខែកុម្ភៈខាងមុខនេះថៃនឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ជាលើកដំបូងចំនួន ២០០ ០០០ ដូស និងនៅចុងខែមីនាទទួលបានចំនួន ៨០០ ០០០ ដូសបន្ថែមទៀត ហើយនៅក្នុងរយៈពេល ៣ បន្ទាប់ទៀតនេះថៃត្រូវបានគេរំពឹងថា អាចនឹងទទួលបានវ៉ាក់សាំងសរុបរហូតដល់ ២ លានដូស ដែលវ៉ាក់សាំងទាំងអស់នោះសុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុនចិន។ បន្ថែមពីលើនេះទៀតកាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃទើបនឹងចុះហត្ថលេខាបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក AstraZeneca ចំនួន ២៦ លានដូសផងដែរដោយមិនទាន់ដឹងពេលវេលាដែលត្រូវទទួលបានជាក់លាក់នៅឡើយទេ ស្របពេលដែលក្រុមហ៊ុនផលិតឱសថក្នុងស្រុករបស់ថៃ Siam Bioscienceដែលបានសហការណ៍ជាមួយក្រុមហ៊ុន AstraZenecaនិងសាកលវិទ្យាល័យ Oxford នោះក៏ត្រូវបានគេរំពឹងថា នឹងអាចផលិតវ៉ាក់សាំងបានដោយជោគជ័យក្នុងពេលដ៏ឆាប់ខាងមុខនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: