ប្រទេសថៃសម្រេចពន្យារភាពអាសន្នទូទាំងប្រទេសជាលើកទី៩ រហូតដល់ដាច់ខែកុម្ភៈ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រឹត្យគ្រាអាសន្នទូទាំងប្រទេសថៃ នឹងត្រូវពន្យារពេលរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ។ គួរឱ្យដឹងដែរថា ក្រឹត្យនេះផ្តល់លទ្ធភាពដល់រដ្ឋាភិបាលថៃក្នុងការកំណត់គោលនយោបាយ និងនីតិវិធីនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាការរឹតត្បិតការធ្វើដំណើរ និងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យផ្លូវ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri មានប្រសាសន៍ថា វាគ្រាន់តែជាការពន្យារពេលបន្ថែមទៀតទៅលើក្រឹត្យបច្ចុប្បន្ន ដោយសារថាក្រឹត្យនោះនឹងផុតកំណត់នៅថ្ងៃទី១៥ ខែមករា ខាងមុខនេះ។ ការពន្យាររយៈពេល ៤៥ថ្ងៃ បន្ថែមទៀតនេះ ត្រូវបានស្នើឡើងដោយមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 ហើយបានដាក់ជូនទៅគណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារផ្ទាល់។
ជម្រាបដែរថាចំនួននៃការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍នៅប្រទេសថៃបានកើនឡើងជាបន្ដបន្ទាប់ ចាប់តាំងពីការផ្ទុះឡើងនៅឯផ្សារអាហារសមុទ្រខេត្តសាមុតសាខនកាលពីខែមុន ហើយវាបានរាលដាលដល់ខេត្តក្រុងចំនួន ៥៥ របស់ប្រទេសនេះ។ បច្ចុប្បន្នប្រទេសថៃមានករណីនៃជំងឺ COVID-19 ចំនួន ៤ ៥០៤ ករណី ដែលខ្ពស់ជាងអត្រារលកទីមួយដែលមានតែ ១ ៤២៧ ករណី កាលពីខែមេសា៕


អត្ថបទ៖ លីដា
ប្រភព៖ The Thaiger