ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបើករថយន្តសង្គ្រោះបន្ទាន់នៅ Los Angeles សហរដ្ឋអាមេរិក ត្រូវបានណែនាំមិនឲ្យនាំយកអ្នកជំងឺណា ដែលទំនងជាមិនអាចសង្គ្រោះជីវិតបានទៅកាន់មន្ទីរពេទ្យនោះទេ ដោយសារតែបែបនេះ

    BY autoadmin January 8, 2021
    អ្នកបើករថយន្តសង្គ្រោះបន្ទាន់នៅ Los Angeles សហរដ្ឋអាមេរិក ត្រូវបានណែនាំមិនឲ្យនាំយកអ្នកជំងឺណា ដែលទំនងជាមិនអាចសង្គ្រោះជីវិតបានទៅកាន់មន្ទីរពេទ្យនោះទេ ដោយសារតែបែបនេះ

    អាមេរិក៖ សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមអ្នកបើករថយន្តសង្គ្រោះបន្ទាន់នៅក្នុងក្រុង Los Angeles រដ្ឋ Californi សហរដ្ឋអាមេរិក ត្រូវបានគេណែនាំមិនឲ្យនាំយកអ្នកជំងឺណាដែលទំនងជាមិនអាចសង្គ្រោះជីវិតបានទៅកាន់មន្ទីរពេទ្យនោះទេ។ ការណែនាំរបៀបនេះស្ដាប់មើលទៅវាហាក់ឃោឃៅនិងអមនុស្សធម៌ណាស់ តែយ៉ាងណាក្តីវាគឺជាជម្រើសមួយនៅក្នុងស្ថានភាពដែលជំងឺកូវីដ ១៩ កំពុងរាតត្បាតខ្លាំងដែលធ្វើឲ្យមន្ទីរពេទ្យត្រូវផ្ទុកអ្នកជំងឺយ៉ាងច្រើនសន្ធឹកសន្ធាប់លើសចំនួនកំណត់ ខណៈសម្ភារៈបរិក្ខាពេទ្យមានចំនួនកំណត់។ ប្រភពខាងលើបាបន្តថា ក្រុង Los Angeles មានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ រាប់ពាន់នាក់ក្នុងមួយថ្ងៃៗជាក់ស្តែងកាលពីថ្ងៃចន្ទកន្លងទៅក្រុងមួយនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៩ ១៤២ ករណី ស្លាប់ចំនួន ៧៧ ករណី ខណៈគិតជាមធ្យម Los Angeles មានតួលេខអ្នកជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរស្ទើរតែស្លាប់ប្រមាណជា ១ ០០០ ករណី។

    ស្ថិតនៅក្នុងស្ថានភាពអាក្រក់នេះមន្ទីរពេទ្យនៅក្នុងក្រុងសុទ្ធតែបានផ្ទុកអ្នកជំងឺច្រើនហួសកំណត់ ហើយខ្យល់អុកស៊ីសែនសម្រាប់ធ្វើការសង្គ្រោះអ្នកជំងឺបន្ទាន់នោះក៏មានចំនួនកាន់តែតិចផងដែរ។ ដើម្បីឆ្លើយតបនឹងបញ្ហាចំពោះមុននេះ គេបានណែនាំឲ្យក្រុមអ្នកបើករថយន្តសង្គ្រោះបន្ទាន់ត្រូវចេះសន្សំសំចៃខ្យល់អុកស៊ីសែន ដោយទុកសម្រាប់ជួយសង្គ្រោះតែជនរងគ្រោះណាដែលទំនងជាអាចរស់មានជីវិតបន្ទាប់ពីជួយសង្គ្រោះរួច ប្រសើរជាងព្យាយាមជួយអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរខ្លាំងនិងទំនងជាមិនអាចរស់មានជីវិត បើទោះជាត្រូវបញ្ជូនទៅព្យាបាលបន្ទាន់នៅក្នុងមន្ទីរពេទ្យក៏ដោយ។ គេដឹងថាការបែងចែករវាងអ្នកជំងឺដែលទំនងជាអាចរស់ ឬស្លាប់នោះវាមិនមែនជារឿងងាយស្រួលណោះទេ តែយ៉ាងណាក្តីការព្យាយាមអនុវត្តតាមការណែនាំនេះឲ្យបានគ្រប់ពេលវេលាវានឹងអាចជួយសន្សំសំចៃសម្ភារៈបរិក្ខាពេទ្យបានមួយផ្នែកផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះក្រុង Los Angeles មានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៨១៨ ០០០ ករណី ស្លាប់ ១០ ៧០០ ករណី ខណៈសហរដ្ឋអាមេរិកទាំងមូលមានអ្នកជំងឺកូវីដ ១៩ សរុបជាង ២១ លានករណី និងស្លាប់ជាង ៣៦០ ០០០ ករណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: