មនុស្ស៤នាក់បានស្លាប់ បន្ទាប់ពីអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលវិមាន Capitol Hill ដើម្បីរារាំងការឈ្នះរបស់លោក ចូ បៃដិន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា វិមាន Capitol Hill ពេលនេះត្រូវបានធានាសុវត្ថិភាពជាថ្មីម្តងទៀត ប៉ុន្តែមានមនុស្សចំនួន ៤នាក់ រួមទាំងស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីអ្នកគាំទ្រប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសម្រុកចូលអគារមួយក្នុងចំណោមអគារដ៏ល្បីល្បាញបំផុតរបស់អាមេរិកមួយនេះ។ វិមាន Capitol Hill បានស្ថិតនៅក្នុងភាពវឹកវរ បន្ទាប់ពីលោក ត្រាំ បានជំរុញឱ្យអ្នកគាំទ្ររបស់គាត់ប្រឆាំងនឹងការរាប់សន្លឹកឆ្នោតជាផ្លូវការ ដែលការរាប់នោះនឹងបញ្ជាក់ពីជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ។

ភ្លាមៗបន្ទាប់ពីម៉ោង ១រសៀល ថ្ងៃពុធ (ET) អ្នកតវ៉ារាប់រយនាក់ដែលគាំទ្រលោក ដូណាល់ ត្រាំ បានរុញច្រានរបាំងដែលដាក់នៅតាមបណ្តោយវិមាន Capitol ហើយពួកគេក៏មានការប៉ះទង្គិចជាមួយមន្ត្រី និងមានខ្លះទៀតបានស្រែកដាក់មន្ត្រីថា «ជនក្បត់» ខណៈដែលមន្ត្រីកំពុងបំពេញតួនាទីរបស់ពួកគេប៉ុណ្ណោះ។ ប្រហែល ៩០ នាទីក្រោយមក ប៉ូលីសបាននិយាយថា ក្រុមបាតុករបានចូលទៅក្នុងអាគារ ហើយទ្វារចូលសភា និងព្រឹទ្ធសភាត្រូវបានចាក់សោរ។ អនុប្រធានាធិបតីលោក Mike Pence ក៏ត្រូវបានគេជម្លៀសចេញពីអង្គជំនុំជម្រះ ដែលជាកន្លែងដែលគាត់ត្រូវបំពេញតួនាទីក្នុងការរាប់សន្លឹកឆ្នោតផងដែរ ហើយអ្នកផ្សេងទៀតត្រូវបានជម្លៀសតាមច្រកសភាជាន់ទាប៕



អត្ថបទ៖ លីដា
ប្រភព៖ CNN