អ្នកជំងឺកូវីដ១៩ ម្នាក់នៅអាមេរិកបង្ហោះវីដេអូពីលើគ្រែពេទ្យ ដើម្បីអង្វរឲ្យពលរដ្ឋគ្រប់គ្នាពាក់ម៉ាស់ បើមិនចង់លំបាកដូចគាត់
អាមេរិក៖ បុរសជាអ្នកជំងឺកូវីដ ១៩ ម្នាក់បានថតវីដេអូទាំងទឹកមុខក្រៀមក្រំបង្ហោះនៅក្នុងបណ្តាញសង្គម ដោយរូបគាត់បាននិយាយផ្ដាំផ្ញើទៅកាន់សាធារណៈជនថា បើមិនចង់មានលទ្ធផលដូចគាត់ទេ សុំពាក់ម៉ាស់ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា។ បុរសម្នាក់នេះត្រូវបានសារព័ត៌មាន Business Insider ចុះផ្សាយថា មានឈ្មោះ Chuck Stacey អាយុ ៥០ ឆ្នាំ បានឆ្លងជំងឺកូវីដ ១៩ កាលពីថ្ងៃទី ២៦ ខែឆ្នូ កន្លងទៅ ហើយបច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ប្រភពខាងបានបន្តថា លោក Chuck Stacey មានការងារជាអ្នកបច្ចេកទេសព័ត៌មានវិទ្យា ហើយរូបគាត់តែងតែទៅធ្វើការងារដោយមិនពាក់ម៉ាស់នោះទេបើទោះជាអាជ្ញាធរបានជូនដំណឹងឲ្យពលរដ្ឋទាំងអស់ត្រូវនាំគ្នាពាក់ម៉ាស់ដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩ ក៏ដោយ។

ក្រោយបានឆ្លងជំងឺកូវីដ ១៩ និងឆ្លងកាត់ការព្យាបាលយ៉ាងលំបាកនោះទើបលោក Chuck Stacey យល់ពីតម្លៃរបស់ម៉ាស់ចំពោះសុខភាព ព្រោះបើគាត់ព្យាយាមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនាពេលកន្លងមក ម្ល៉េសគាត់មិនត្រូវមកពិបាកដូចពេលនេះទេ។ បន្ទាប់ពីបានយល់ឃើញដូចនេះហើយ លោក Chuck Stacey ក៏សម្រេចថតវីដេអូដោយបានដាស់តឿនឲ្យពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន បើមិនចង់លំបាកខ្លួនដូចរូបគាត់។ វីដេអូមួយនេះត្រូវបានបង្ហោះដោយលោកវេជ្ជបណ្ឌិតម្នាក់ ហើយវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម ព្រោះតែវីដេអូបានបង្កប់នូវខ្លឹមសារអប់រំប្រកបដោយអត្ថន័យបំផុតមួយ៕
My friend didn’t wear a mask because he believed the lies from our leaders. Now, he’s close to being intubated. He asked that I share this.
Wear a mask! pic.twitter.com/S43WWHQDEW
— Daniel Uhlfelder (@DWUhlfelderLaw) January 4, 2021
អត្ថបទ៖ ភក្តី
ប្រភព៖ Business Insider