ស្លាប់១០នាក់ បាត់ខ្លួនជិត៦០នាក់ ក្នុងហេតុការណ៍លិចនាវាដឹកអ្នកទេសចរណ៍នៅថៃ
ថៃ៖ កាលពីពេលថ្មីៗនេះ នាវាដឹកអ្នកទេសចរណ៍នៅក្នុងប្រទេសថៃបានលិច បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់បាត់បង់ជីវិត និងជិត៦០នាក់ទៀតបានបាត់ខ្លួន ដោយច្រើនអ្នកនៅលើនាវានោះគឺជាអ្នកទេសចរណ៍ចិន ហើយហេតុការណ៍នេះបានកើតឡើងនៅជិតឆ្នេរសមុទ្រ Phuket។
អាជ្ញាធរនៅតំបន់ Phuket លោក Norapat Plodthong បានឲ្យដឹងជា មនុស្សចំនួន៩០នាក់ត្រូវបានជួយសង្គ្រោះ ហើយអ្នកបាត់ខ្លួនមានចំនួនសរុប៥៨នាក់។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅលើនាវានោះមានផ្ទុកមនុស្ស១០៥នាក់ ដែល៩៣នាក់ជាអ្នកទេសចរណ៍ និង១២នាក់ទៀតជាបុគ្គលិកបំរើការលើនាវា ហើយនាវានោះបានលិចតំបន់ Laem Mong ខាងកើតកោះ Hae កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
មន្ត្រីជំនាញបានអះអាងថា ក្រោយកើតមានហេតុការណ៍នេះ មានមនុស្ស១០នាក់បានស្លាប់បាត់បង់ជីវិត ហើយពេលនេះសមត្ថកិច្ចថៃកំពុងតែដុតដៃដុតជើងស្វែងករកអ្នកបាត់ខ្លួនទាំង៥៨នាក់ទៀត ចំពោះមូលហេតុនៃការលិចនាវាអាចបណ្តាលមកពីកត្តាអាកាសធាតុ ព្រោះមុនកើតហេតុមានខ្យល់បោកបក់ខ្លាំង៕
អត្ថបទ៖ ឌី
ប្រភព៖ bangkokpost


