ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក គីម ជុងអ៊ុន បានហៅសហរដ្ឋអាមេរិកថា ជាសត្រូវធំជាងគេបំផុតរបស់ប្រទេសខ្លួន

    BY autoadmin January 9, 2021
    លោក គីម ជុងអ៊ុន បានហៅសហរដ្ឋអាមេរិកថា ជាសត្រូវធំជាងគេបំផុតរបស់ប្រទេសខ្លួន

    មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅសហរដ្ឋអាមេរិកថា ជាសត្រូវធំជាងគេបំផុតរបស់ប្រទេសខ្លួន ហើយលោកក៏បានប្តេជ្ញាជំរុញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាងផងដែរ។ នេះបើតាមកាសែតគណបក្សពលករ Rodong Sinmun នៅថ្ងៃសៅរ៍ ដែលបានរាយការណ៍អំពីសុន្ទរកថារបស់លោក គីម ជុងអ៊ុន នៅឯសមាជគណបក្សកាលពីថ្ងៃអង្គារ។

    លោក គីម ជុងអ៊ុន បាននិយាយថា សកម្មភាពនយោបាយខាងក្រៅរបស់ប្រទេសលោក គួរតែផ្តោតលើការបង្ក្រាប និងការផ្តួលរំលំសហរដ្ឋអាមេរិក ដែលលោកបានហៅថា ជាឧបសគ្គមូលដ្ឋាន និងជាសត្រូវដ៏ធំបំផុត។ ជម្រាបដែរថា សុន្ទរកថារបស់លោកបានធ្វើឡើងប៉ុន្មានថ្ងៃ មុននឹងលោក ចូ បៃដិន ត្រូវចូលខ្លួនស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅចុងខែនេះ។

    មិនថាអ្នកណានឹងកាន់កាប់សេតវិមាននោះទេ គឺវាគ្មានការផ្លាស់ប្ដូរអ្វីឡើយ។ លោកបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកត្រូវតែបញ្ចប់ជំហរអរិភាពរបស់ខ្លួន ដើម្បីជាថ្នូរសម្រាប់ការចរចារវាងប្រទេសទាំង២។ នេះជាលើកទីមួយហើយ ដែលលោក គីម បានលើកឡើងអំពីគោលនយោបាយរបស់លោកចំពោះសហរដ្ឋអាមេរិក ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា។

    លោកបានបញ្ជាក់ថា កូរ៉េខាងជើងនឹងធ្វើសមាហរណកម្ម និងកាត់បន្ថយទម្ងន់អាវុធនុយក្លេអ៊ែររបស់ខ្លួន អភិវឌ្ឍអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងបន្តការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។ លោកបាននិយាយថា ប្រទេសរបស់លោកកំពុងរីកចម្រើនឆ្ពោះទៅរកការដំឡើងក្បាលគ្រាប់ជាច្រើនលើមីស៊ីលបាលីស្ទិក និងការអភិវឌ្ឍ ICBM ដែលមានថាមពលខ្លាំង។ លោកក៏បានលើកឡើងអំពីការរចនានៃនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: