ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឲ្យសង្វែកណាស់! រូបភាព និងសារចុងក្រោយរបស់អ្នកដំណើរម្នាក់ជាមួយកូនតូចៗ៣នាក់បានបង្ហោះ មុនពេលធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី

    BY autoadmin January 11, 2021
    គួរឲ្យសង្វែកណាស់! រូបភាព និងសារចុងក្រោយរបស់អ្នកដំណើរម្នាក់ជាមួយកូនតូចៗ៣នាក់បានបង្ហោះ មុនពេលធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី

    ឥណ្ឌូនេស៊ី៖ ការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Sriwijaya Air បានកំពុងតែក្លាយជាប្រធានបទក្តៅសម្រាប់សារព័ត៌មានជាច្រើននៅជុំវិញពិភពលោក ជាក់ស្តែងសារព័ត៌មាន Daily Mail បានចុះផ្សាយនូវអត្ថបទដែលគួរឲ្យស្រណោះជាទីបំផុតមួយនោះគឺជារូបភាពនិងសារចុងក្រោយរបស់ស្រ្តីអ្នកដំណើរម្នាក់ជាមួយកូន ៣ នាក់ដែលគាត់បានបង្ហោះនៅក្នុងបណ្តាញសង្គមមុនពួកគាត់បានលាចាកលោកនេះទៅ។ ស្រ្តីអ្នកដំណើររូបនេះមានឈ្មោះថា Ratih Windania ហើយរូបគាត់មានកូន ៣ នាក់និងសាច់ញាតិ ៤ នាក់ផ្សេងទៀតរួមទាំងឪពុកម្តាយផងបានធ្វើដំណើររួមគ្នានៅក្នុងយន្តហោះមួយនេះ។

    មុនពេលចេញដំណើរអ្នកស្រី Ratih Windania បានថតរូបជាមួយកូនដែលអង្គុយលើកៅអីក្នុងយន្តហោះជាប់គ្នា ហើយគាត់ក៏បានយករូបនោះរួមជាមួយរូបថតគ្រួសារជាច្រើនផ្សេងទៀតទៅបង្ហោះក្នុងបណ្តាញសង្គមមុនពេលយន្តហោះចេញដំណើរ អមដោយការសរសេរសារថា “Bye bye family. We’re heading home for now (លាហើយគ្រួសារ ពួកយើងកំពុងធ្វើដំណើរទៅផ្ទះ)”។

    បើតាមលោក Irfansyah Riyanto ដែលជាប្អូនប្រុសបង្កើតរបស់អ្នកស្រី Ratih Windania បានប្រាប់ឲ្យដឹងថា មុនដំបូងឡើយក្រុមគ្រួសាររបស់គាត់មានគម្រោងជិះយន្តហោះផ្សេងគ្នា ដែលនេះជាទម្លាប់មួយសម្រាប់អ្នកដំណើរតាមយន្តហោះជាលក្ខណៈគ្រួសារធ្លាប់បានធ្វើនាពេលកន្លងព្រោះគេបារម្ភថា បើសមាជិកគ្រួសារទាំងអស់ជិះនៅក្នុងយន្តតែមួយនោះពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើងគឺគេនឹងត្រូវបាត់បង់សមាជិកគ្រួសារទាំងអស់តែម្តង។ យ៉ាងណាក្តី មុនពេលហោះហើរបន្តិចលោកស្រី Ratih Windania កូនៗ និងសាច់ញាតិ ៤ នាក់ផ្សេងទៀត ក៏សម្រេចមកជិះយន្តហោះជាមួយគ្នាតែម្តងដោយគិតថា វាគ្មានបញ្ហាអ្វីនោះទេព្រោះការធ្វើដំណើរនេះមិនមែនជាការធ្វើដំណើវែងឆ្ងាយឆ្លងប្រទេសឡើយ។

    យ៉ាងណាក្តី ពេលនេះលោក Irfansyah Riyanto ដែលមិនមានវត្តមាននៅលើយន្តហោះគ្រោះថ្នាក់នោះបានត្រឹមតែអង្គុយរង់ចាំស្តាប់ដំណឹងសាច់ញាតិរបស់គាត់ពីអាជ្ញាធរប៉ុណ្ណោះ ខណៈពេលនេះសាកសពរបស់សាច់ញាតិគាត់ទាំងអស់មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។ សូមបញ្ជាក់ថា យន្តហោះមួយគ្រឿងនេះជាយន្តហោះ Boeing B737-500 មានផ្ទុកអ្នកដំណើរ ៥០ នាក់ ក្នុងនោះមានកូនក្មេង ១០ នាក់ និងក្រុមការងារចំនួន ១២ នាក់ ហើយយន្តហោះបានធ្លាប់ចូលក្នុងទឹកសមុទ្របន្ទាប់ពីបានហោះហើរបានត្រឹមតែ ៤ នាទីប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: