សមាជិកសភាបក្សប្រជាធិបតេយ្យ បានទាមទារឱ្យមានការដកលោក ដូណាល់ ត្រាំ ចេញពីការិយាល័យរបស់លោក
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi មានប្រសាសន៍ថា សមាជិកសភានៃគណបក្សប្រជាធិបតេយ្យនឹងចាប់ផ្តើមនីតិវិធី ដើម្បីជំរុញឱ្យលោកអនុប្រធានាធិបតី Mike Pence ដកប្រធានាធិបតីលោក ដូណាល់ ត្រាំ ចេញពីតំណែងរបស់លោក។ លោកស្រី Pelosi បានបង្ហាញផែនការនេះនៅក្នុងលិខិតមួយ ផ្ញើទៅកាន់សមាជិកសភាប្រជាធិបតេយ្យផ្សេងទៀតនៅថ្ងៃអាទិត្យ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកគាំទ្រលោក ត្រាំ បានឡោមព័ទ្ធវិមានកាពីតូល នៅពេលដែលសភាបានបញ្ជាក់ជាផ្លូវការលើការឈ្នះរបស់លោក ចូ បៃដិន នៅអំឡុងពេលនោះ។

លោកស្រី Pelosi បាននិយាយនៅក្នុងលិខិតថា មេដឹកនាំប្រជាធិបតេយ្យនឹងស្នើសុំការយល់ព្រមជាឯកច្ឆន្ទនៅថ្ងៃច័ន្ទនេះ ដើម្បីនាំមកនូវដំណោះស្រាយមួយ។ លោកស្រីបាននិយាយថា ដំណោះស្រាយនេះអំពាវនាវឱ្យលោក Pence ជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២៥ ដើម្បីប្រកាសលោក ត្រាំ អសមត្ថភាពក្នុងការអនុវត្តមុខងារការិយាល័យរបស់គាត់។ លោក Pelosi បានសរសេរថា «ប្រសិនបើយើងមិនទទួលបានការព្រមព្រៀងជាឯកច្ឆន្ទទេ ច្បាប់នេះត្រូវគ្រោងនឹងលើកយកមកនិយាយនៅថ្ងៃបន្ទាប់។ យើងកំពុងអំពាវនាវឱ្យលោកអនុប្រធានឆ្លើយតបក្នុងរយៈពេល ២៤ម៉ោង»។
លោកស្រីក៏បានសម្តែងការត្រៀមខ្លួនដើម្បីបន្តដាក់សេចក្តីព្រាងមួយទៀត ដើម្បីធ្វើនីតិវិធីចោទប្រកាន់ទម្លាក់លោក ដូណាល់ ត្រាំ (Impeachment) ។ លោកស្រីបានមានប្រសាសន៍ថា៖ «ភាពរន្ធត់នៃការវាយប្រហារដែលកំពុងកើតមានលើលទ្ធិប្រជាធិបតេយ្យរបស់យើង ដែលត្រូវបានបង្កឡើងដោយប្រធានាធិបតីនេះគឺកាន់តែខ្លាំងឡើងៗ ដូច្នេះយើងត្រូវមានសកម្មភាពបន្ទាន់»។ ប៉ុន្តែយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយជាច្រើនកំពុងរាយការណ៍ថាលោក Pence មិនមានចេតនាឆ្លើយតបនឹងការអំពាវនាវឱ្យដកលោក ដូណាល់ ត្រាំ ចេញពីការិយាល័យនោះទេ៕

![]()
អត្ថបទ៖ លីដា
ប្រភព៖ NHK