ទីបំផុតក្រុមអ្នកជំនាញរបស់ WHO បានទៅដល់ប្រទេសចិនហើយ នៅចំពេលដែលប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងករណីខ្ពស់បំផុតក្នុងរយៈពេល ៥ខែ កន្លងមកនេះ
ក្រុមអ្នកជំនាញអន្តរជាតិមកពីអង្គការសុខភាពពិភពលោកត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសចិននៅសប្តាហ៍នេះ ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃការឆ្លងរាលដាលនៃវីរុសកូរ៉ូណា (COVID-19) ។ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបានប្រកាសនៅថ្ងៃច័ន្ទនេះ ថាក្រុមអ្នកជំនាញអន្តរជាតិរបស់ WHO នឹងចាប់ផ្តើមការងារនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះតទៅ។ យ៉ាងណាអាជ្ញាធរចិនមិនបានបញ្ជាក់លម្អិតពីទីតាំងដែលអ្នកជំនាញអាចធ្វើទស្សនកិច្ច ឬសកម្មភាពណាមួយ ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសចិននោះទេ។

រំលឹកដែរថាដំបូងក្រុមនេះសង្ឃឹមថា នឹងមកប្រទេសចិននៅដើមខែមករា ប៉ុន្តែផែនការរបស់ពួកគេត្រូវបានពន្យាពេល នៅពេលពួកគេរង់ចាំទទួលការអនុញ្ញាតជាផ្លូវការពីទីក្រុងប៉េកាំង។ ការមកដល់របស់ក្រុមអ្នកជំនាញទាំងនេះ ក៏ស្របពេលដែលប្រទេសចិនដីគោក បានកើនឡើងនូវករណីថ្មីៗចំនួន ១០៣ករណី កាលពីថ្ងៃអាទិត្យ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការឆ្លងចំនួន ១២៧នាក់ ត្រូវបានកត់ត្រាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ ករណីថ្មីទាំងនេះភាគច្រើនមកពីខេត្ត Hebei ដែលនៅជិតខាងទីក្រុងប៉េកាំង។
Shijiazhuang រដ្ឋធានីនៃខេត្ត Hebei និងមានប្រជាជនចំនួន ១១លាននាក់ ក៏បានបើកដំណើរការសាកល្បងដ៏ធំមួយកាលពីសប្តាហ៍មុន និងបានដាក់កម្រិតលើការប្រមូលផ្តុំ និងសកម្មភាពនានា ខណៈដែលទីក្រុងនេះបានកើនឡើងនូវករណីថ្មីៗយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ តំបន់ផ្សេងទៀតនៃប្រទេសចិនឥឡូវនេះ ក៏កំពុងចាត់វិធានការស្រដៀងគ្នាផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ស្រុកមួយនៅខេត្តហីឡុងជាំ បានឈានដល់ការបិទទ្វារកាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានរកឃើញការឆ្លងថ្មីនៃជំងឺ COVID-19 ។
អាជ្ញាធរសុខាភិបាលបាននិយាយថា វីរុសនេះអាចត្រូវបានចម្លងទៅមនុស្សដោយសត្វប្រចៀវ ហើយបានចាប់ផ្តើមរាលដាលនៅផ្សារសាច់មួយនៅក្នុងទីក្រុងវូហាន។ ទោះយ៉ាងណាការស៊ើបអង្កេតបន្ថែមបានបង្ហាញថា វីរុសនេះប្រហែលជាមានរួចទៅហើយនៅក្នុងប្រទេសដូចជាបារាំង និងអ៉ីតាលីជាដើម។ រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi បានអះអាងកាលពីដើមខែនេះថា ជំងឺរាតត្បាតនេះទំនងជាលទ្ធផលនៃការផ្ទុះឡើងនៃជំងឺផ្សេងៗ នៅតាមកន្លែងជាច្រើននៅជុំវិញពិភពលោក ហើយបាននិយាយថា វាជាការខុសក្នុងការស្តីបន្ទោសទីក្រុងប៉េកាំងចំពោះវិបត្តិសុខភាព៕


អត្ថបទ៖ លីដា
ប្រភព៖ RT