ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រយៈពេលតែ៣ថ្ងៃ ម៉ាឡេស៊ីរកឃើញរដ្ឋមន្ត្រីខ្លួនចំនួន០២នាក់បានឆ្លងកូវីដ១៩

    BY autoadmin January 12, 2021
    រយៈពេលតែ៣ថ្ងៃ ម៉ាឡេស៊ីរកឃើញរដ្ឋមន្ត្រីខ្លួនចំនួន០២នាក់បានឆ្លងកូវីដ១៩

    ម៉ាឡេស៊ី៖ សារព័ត៌មាន Channel News Asia បានឲ្យដឹងថា មានរដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីមួយរូបត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ដែលនេះគឺជាករណីទី ២ ហើយដែលជំងឺកូវីដ ១៩ បានកើតមាននៅក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីម៉ាឡេស៊ីនៅក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ។ ប្រភពខាងលើបានបញ្ជាក់ថា សមាជិកគណៈរដ្ឋមន្ត្រីរូបនេះគឺលោកស្រី Rina Mohd Harun  ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ស្រ្តី គ្រួសារ និងសហគមន៍ ដែលលទ្ធផលតេស្តវិជ្ជមានរបស់គាត់ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ទី១០ កន្លងទៅនេះ។

    លោកស្រី Rina Mohd Harun

    គួររម្លឹកជូនថា កាលពីថ្ងៃសៅរ៍ទី ៩ មករា កន្លងទៅ លោក Mustapa Mohamed រដ្ឋមន្រ្តីនៅក្នុងនាយកដ្ឋានសេដ្ឋកិច្ចសម្រាប់នាយករដ្ឋមន្រ្តីត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ បន្ទាប់ពីរូបលោកបានអញ្ជើញធ្វើដំណើរមកកាន់ទីក្រុងកូឡាឡាំពួរ ហើយរូបលោកក៏បានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីថ្ងៃទី ៦ ផងដែរ។

    បន្ទាប់ពីគេបានរកឃើញថា លោក Mustapa Mohamed បានឆ្លងជំងឺកូវីដ ១៩ ពេលនេះសមាជិកគណៈរដ្ឋមន្ត្រីម៉ាឡេស៊ីជាច្រើនទៀតបានកំពុងតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាព ខណៈក្រុមអ្នកជំនាញព្រមានថានឹងមានមន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ីច្រើនរូបទៀតដែលត្រូវប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩ ដែរ ពោលគឺមិនមែនមានត្រឹមតែ ២ ករណីនេះទេ។ សូមបញ្ជាក់ជូនថា គិតមកទល់ពេលនេះម៉ាឡេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបជាង ១៣៨ ០០០ ករណី និងស្លាប់​ជាង​ ៥០០ ករណី៕

    លោក Mustapa Mohamed 

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia 

    Share This Post: