ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីលោក ដូណាល់ ត្រាំ មិនទទួលខុសត្រូវចំពោះការឡោមព័ទ្ធវិមានកាពីតូល ដោយអ្នកគាំទ្ររបស់លោកកាលពីសប្តាហ៍មុនទេ

    BY autoadmin January 13, 2021
    ប្រធានាធិបតីលោក ដូណាល់ ត្រាំ មិនទទួលខុសត្រូវចំពោះការឡោមព័ទ្ធវិមានកាពីតូល ដោយអ្នកគាំទ្ររបស់លោកកាលពីសប្តាហ៍មុនទេ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនទទួលខុសត្រូវចំពោះការឡោមព័ទ្ធដោយហិង្សា នៅវិមានកាពីតូល ដោយអ្នកគាំទ្ររបស់លោកកាលពីសប្តាហ៍មុនទេ។ លោកបានថ្លែងបែបនេះ នៅមុខអ្នកកាសែតជាលើកដំបូងក្នុងរយៈពេល ៦ថ្ងៃ នៅឯសេតវិមាននៅថ្ងៃអង្គារនេះ អំពីតួនាទីរបស់លោកនៅក្នុងឧប្បត្តិហេតុ ដែលក្រុមប្រជាធិបតេយ្យ និងអ្នកដទៃទៀតកំពុងរិះគន់លើលោកយ៉ាងខ្លាំង។ ក្នុងនោះ FBI ក៏ទើបតែបានព្រមានអំពីលទ្ធភាពដែលថា នឹងមានការតវ៉ាប្រដាប់អាវុធនៅទូទាំងអាមេរិក ពិសេសនៅវ៉ាស៊ីនតោន នៅចំថ្ងៃដែលលោក ចូ បៃដិន ត្រូវស្បថឡើងកាន់តំណែងជាផ្លូវការផងដែរ។

    លោក ដូណាល់ ត្រាំ និយាយថា អ្នកគាំទ្ររបស់លោកបានគិតថា ការលើកឡើងរបស់លោកកាលពីសប្តាហ៍មុន គឺមានលក្ខណៈសមស្របទាំងស្រុង ហើយបានពិពណ៌នាក្រុមបក្សប្រជាធិបតេយ្យដែលកំពុងធ្វើនីតិវិធីទម្លាក់លោកថា ជារឿងគួរឱ្យអស់សំណើច។ លោកបានបន្ថែមថា ទង្វើនេះកំពុងបង្កឱ្យមានកំហឹងយ៉ាងខ្លាំង ហើយក្រុមប្រជាធិបតេយ្យនឹងត្រូវទទួលការស្តីបន្ទោសចំពោះអំពើហឹង្សានាពេលអនាគត។ លោកនិយាយថា លោកមិនចង់ឱ្យមានហិង្សានោះទេ ប៉ុន្តែបើក្រុមប្រជាធិបតេយ្យបន្តដើរលើផ្លូវនេះ វានឹងបង្កឱ្យមានកំហឹងនៅក្នុងសហរដ្ឋអាមេរិក។

    រំលឹកដែរថាក្រុមប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រ គ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) លើវិធានការណ៍មួយ ដែលអំពាវនាវឱ្យលោកអនុប្រធានាធិបតី Mike Pence កោះហៅគណៈរដ្ឋមន្រ្តី និងអំពាវនាវឱ្យធ្វើវិសោធនកម្មលើកទី២៥ ដើម្បីដកលោក ដូណាល់ ត្រាំ ចេញពីតំណែង។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា លោក Pence គ្មានចេតនាឆ្លើយតបនឹងការអំពាវនាវដកតំណែងនោះទេ។ ប្រសិនបើលោក ដូណាល់ ត្រាំ មិនត្រូវបានគេដកចេញទេនោះ ក្រុមប្រជាធិបតេយ្យដែលកាន់កាប់សភាត្រូវបានគេរំពឹងថា នឹងធ្វើការបោះឆ្នោតលើដំណោះស្រាយមួយ ដែលទំនងនឹងអនុម័តនៅថ្ងៃពុធនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: