ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបង្ហាញថា អ្នកធ្លាប់មានជំងឺកូវីដ១៩ អាចនៅតែមានរោគសញ្ញាយ៉ាងហោចណាស់ ១ ទោះបីជាកន្លងទៅ ៦ខែ ក៏ដោយ

    BY autoadmin January 13, 2021
    ការសិក្សាមួយបង្ហាញថា អ្នកធ្លាប់មានជំងឺកូវីដ១៩ អាចនៅតែមានរោគសញ្ញាយ៉ាងហោចណាស់ ១ ទោះបីជាកន្លងទៅ ៦ខែ ក៏ដោយ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី The Straits Times បានឱ្យដឹងថា អ្នកជំងឺ ៣នាក់ ក្នុងចំណោម ៤នាក់ នៅតែមានរោគសញ្ញាយ៉ាងហោចណាស់ ១ នៅរយៈពេល ៦ខែ ក្រោយពីពួកគេបានឆ្លងជំងឺ COVID-19 ដោយបញ្ហាទូទៅបំផុតគឺអស់កម្លាំង ឬខ្សោយសាច់ដុំ។ តាមការសិក្សាដែលបានចុះផ្សាយទៅក្នុងទិនានុប្បវត្តិ The Lancet កាលពីសប្ដាហ៍មុនបានបង្ហាញថា ៦៣% នៃអ្នកដែលបានចូលរួមនៅក្នុងការសិក្សា ជាទូទៅមានបញ្ហាអស់កម្លាំង, ២៦% មានបញ្ហាលើការគេង និង ២៣% មានបញ្ហាបាក់ទឹកចិត្ត/ថប់បារម្ភ ហើយអ្វីដែលសំខាន់គឺវាកើតលើស្ត្រីច្រើនជាងបុរស។

    វាជាលទ្ធផលនៃការសិក្សារបស់មន្ទីរពេទ្យ Jin Yin-tan នៅក្នុងទីក្រុងវូហាននៃប្រទេសចិន ដោយមានការចូលរួមពីអ្នកជំងឺ COVID-19 សរុបចំនួន ១,៧៣៣ នាក់ ដែលមានអាយុជាមធ្យម ៥៧ឆ្នាំ និងជាការសិក្សាដ៏ធំបំផុតមួយ។ ការពិតទៅអ្នកស្ម័គ្រដំបូងឡើយគឺមានរហូតដល់ទៅ ២,៤៦៩ នាក់ ដែលបានរំសាយចេញពីមន្ទីរពេទ្យចន្លោះខែមករា និងឧសភា ឆ្នាំ២០២០ ជាមួយនឹងការតាមដានចន្លោះពីខែមិថុនា ដល់ ខែកញ្ញា ឆ្នាំ២០២០ ប៉ុន្តែអ្នកស្ម័គ្រចិត្តខ្លះមិនបានមកទៀតទាត់ ដោយសារហេតុផលផ្ទាល់ខ្លួនជាដើម។ ក្នុងនោះក៏មានអ្នកជំងឺ ៣៣ នាក់បានស្លាប់ បន្ទាប់ពីជាសះស្បើយពីជំងឺ COVID-19 ដោយសារតែពួកគេនៅមានជំងឺប្រចាំកាយផ្សេងៗទៀត។

    ការសិក្សាថែមទាំងបានរកឃើញថា ពាក់កណ្ដាលនៃអ្នកជំងឺមានភាពមិនប្រក្រតីនៅត្រង់ទ្រូងរបស់ពួកគេ (នៅពេលថតកាំរស្មី X ) ហើយភាពមិនប្រក្រតីនេះមានកាន់តែច្រើនចំពោះអ្នកជំងឺធ្ងន់ធ្ងរ ទោះបីជាពួកគេបានជាពីជំងឺ COVID-19 រយៈពេលប្រមាណ ៦ខែ ហើយក្ដី។ អ្នកជំងឺ ១នាក់ ក្នុងចំណោម ៤នាក់ ក៏មិនអាចដើរបានចម្ងាយដែលពួកគេធ្លាប់ដើរ នៅក្នុងរយៈពេល ៦នាទី នៅមុនពេលកើតជំងឺ COVID-19 នោះទេ។

    វាបានបន្ថែមថា អ្នកជំងឺមួយចំនួនមានបញ្ហាជាមួយនឹងមុខងារតម្រងនោមរបស់ពួកគេ ដោយអ្នកខ្លះកើតជំងឺទឹកនោមផ្អែម ឬមានកំណកឈាម ដែលប៉ះពាល់ដល់បេះដូង ឬខួរក្បាលរបស់ពួកគេ -ល-។ ការសិក្សាបានកត់សម្គាល់ថា បញ្ហាដែលកំពុងបន្តមានលើអ្នកជំងឺ COVID-19 គឺស្រដៀងនឹងរោគសញ្ញារបស់អ្នកដែលរស់រានមានជីវិតពីជំងឺ Sars ឬរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ ក្នុងឆ្នាំ២០០៣ ដែលជំងឺទាំងនេះសុទ្ធតែបណ្តាលមកពីក្រុមវីរុសកូរ៉ូណានេះផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Straits Times

    Share This Post: