ភ្លៀងធ្លាក់ខ្លាំងនៅជប៉ុនជាច្រើនថ្ងៃ បានឆក់យកជីវិតមនុស្សជិត៥០នាក់ និងជាង៥០នាក់ទៀតបាត់ខ្លួន
ជប៉ុន៖ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគខាងលិចនៃប្រទេសជប៉ុនបានកើនឡើងដល់ជិត៥០នាក់គិតត្រឹមល្ងាចថ្ងៃទី០៧ និងប្រហែល៥០នាក់ទៀតកំពុងបាត់ខ្លួន ខណៈជំនន់ទឹកភ្លៀងបានបង្កឲ្យមានការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងជាច្រើន។
ប្រជាជនប្រមាណ៤លាននាក់ជាងត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ហើយកងកម្លាំងការពារ ប៉ូលីស និងក្រុមពន្លត់អគ្គីភ័យ ជិត៥ម៉ឺននាក់ បានចែកការងារគ្នាក្នុងការរុករកមនុស្ស ដែលបាត់ខ្លួន, រងរបួស និងស្លាប់បាត់បង់ជីវិត។ ការប្រកាសអាសន្នត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៧នៅតាមខេត្តមួយចំនួនដូចជាខេត្ត Fukuoka, Saga, Nagasaki, Hiroshima, Tottori, Okayama, Hyogo និង Kyoto។
ភ្លៀងចាប់ផ្តើមធ្លាក់តាំងពីថ្ងៃទី០៥មកម្ល៉េះ ហើយភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី០៨នេះ ព្រមទាំងព្រមានការកើតមានទឹកជំនន់ ការរអិលបាក់ដី និងរន្ទះបាញ់ផងដែរ។
ខេត្ត Hiroshima បានរងការវាយប្រហារដោយការបាក់ដីធ្ងន់ធ្ងរជាងគេ ដែលបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ ចំនែកឯនៅខេត្ត Ehime មានអ្នកស្លាប់១៨នាក់។
យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា នៅក្នុងខេត្ត Okayama កម្ពស់ទឹកបានកើនឡើងខ្ពស់ជាងជាន់ទី០២ទៅទៀត ហើយបោកបក់ផ្ទះប្រជាជនខ្ទេចខ្ទីតែម្តង ចំនែកនៅខេត្ត Hiroshima ទឹកទន្លេហូរយ៉ាងខ្លាំងរហូតធ្វើឲ្យបាក់ស្ពានទៀតផង៕
អត្ថបទ៖ ឌី
ប្រភព៖ sputniknews, japantimes



