ជំងឺកូវីដ១៩ប្រភេទថ្មីដែលផ្ទុះឡើងនៅអង់គ្លេស ពេលនេះបានឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន ៥០ហើយ
ជំងឺ COVID-19 ប្រភេទថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស ឥឡូវនេះបានឆ្លងរីករាលដាលដល់ដែនដីចំនួន ៥០ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) ខណៈពេលដែលជំងឺ COVID-19 ថ្មីដែលត្រូវបានកំណត់សញ្ញាណនៅអាហ្វ្រិកខាងត្បូង ក៏បានឆ្លងរីករាលដាលដល់ប្រទេសចំនួន ២០ ផងដែរ។ WHO បានកត់សម្គាល់ឃើញថា ជំងឺ COVID-19 ប្រភេទផ្សេងមួយទៀត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន ក៏អាចជះឥទ្ធិពលទៅលើការឆ្លើយតបភាពស៊ាំ ហើយត្រូវការការស៊ើបអង្កេតបន្ថែមទៀត។

WHO និយាយថា៖«ការឆ្លងរាលដាលកាន់តែច្រើននៃវីរុស SARS-CoV-2 កាន់តែច្រើន ឱកាសផ្លាស់ប្ដូរកាន់តែច្រើន។ ទីភ្នាក់ងារនេះបាននិយាយថា ចាប់តាំងពីប្រភេទថ្មីត្រូវបានគេរាយការណ៍ជាលើកដំបូងដល់អង្គការសុខភាពពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ជំងឺ COVID-19 ហ្សែនថ្មី VOC 202012/01 ដែលត្រូវបានកំណត់សញ្ញាណនៅអង់គ្លេស ត្រូវបានគេរកឃើញនៅក្នុងដែនដីចំនួន ៥០ ។ វាមានការចម្លងទៅតាមភេទនិងអាយុ គឺដូចជាប្រភេទមុនដែរ ប៉ុន្តែវាឆ្លងរាលដាលលឿនជាងមុន។
ប្រភេទ 501Y.V2 ដែលត្រូវបានរាយការណ៍ដំបូងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅអាហ្វ្រិកខាងត្បូង ពេលនេះមានវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន ២០ ហើយក៏មានការចម្លងយ៉ាងឆាប់រហ័សដូចគ្នា។ ប្រភេទថ្មីមិនធ្វើឱ្យអ្នកជំងឺឈឺធ្ងន់ធ្ងរដូចពីមុនទេ ប៉ុន្តែករណីមានការកើនឡើងច្រើនជាងមុន ដែលវាបានដាក់សម្ពាធដល់វិស័យសុខាភិបាល។ WHO និយាយថា ភូមិសាស្ត្រនៃការចម្លងត្រូវបានគេវាយតម្លៃទាបពេក ដែលវាជាភាពលម្អៀងមួយ មិនអាចឱ្យដឹងច្បាស់ពីទីតាំងរបស់វា។
ជាមួយគ្នានេះដែរប្រភេទដែលរកឃើញនៅជប៉ុន ដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ត្រូវបានរកឃើញពីអ្នកដំណើរចូលទៅជប៉ុនចំនួន ៤នាក់ ចេញពីប្រទេសប្រេស៊ីល។ ប្រភេទដាច់ពីគេមួយនេះ មានការផ្លាស់ប្ដូរហ្សែនប្រមាណ ១២ ផ្សេងគ្នា បូករួមទាំងការផ្លាស់ប្ដូរហ្សែន ៣ ដែលមាននៅក្នុងប្រភេទ VOC 202012/01 និង 501Y.V2 ដែលធ្វើឱ្យមានការជះឥទ្ធិពលលើការឆ្លើយតបភាពស៊ាំ ហើយត្រូវតែមានការស៊ើបបន្ថែមទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN