ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជួបទុក្ខផ្ទួនៗ! ឥណ្ឌូនេស៊ីទើបជួបឧបទ្ទវហេតុធ្លាក់យន្តហោះមិនទាន់ស្ងប់ផង ស្រាប់តែព្រឹកមិញនេះជួបគ្រោះរញ្ជួយដីទៀតធ្វើឲ្យមនុស្ស ៧ នាក់ស្លាប់ និងរបួសរាប់រយនាក់

    BY autoadmin January 15, 2021
    ជួបទុក្ខផ្ទួនៗ! ឥណ្ឌូនេស៊ីទើបជួបឧបទ្ទវហេតុធ្លាក់យន្តហោះមិនទាន់ស្ងប់ផង ស្រាប់តែព្រឹកមិញនេះជួបគ្រោះរញ្ជួយដីទៀតធ្វើឲ្យមនុស្ស ៧ នាក់ស្លាប់ និងរបួសរាប់រយនាក់

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៧ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដី ដែលបានកើតឡើងនៅក្នុងនៅលើកោះ Sulawesi ភាគខាងលិចប្រទេសឥណ្ឌូនេស៊ីកាលពីព្រឹកមិញនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឲ្យដឹង គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៦,២ វ៉ិចទ័រ និងបានកើតឡើងនៅម៉ោង ២ និង ១៨ នាទីម៉ោងនៅក្នុងប្រទេសឥណ្ឌូនេស៊ី (ម៉ោង ១ និង ១៨ នាទីព្រឹកថ្ងៃសុក្រម៉ោងនៅក្នុងប្រទេសកម្ពុជា) ។ ក្រៅតែពីមានអ្នកស្លាប់ក៏មានអ្នករងរបួសធ្ងន់និងស្រាលរាប់រយនាក់ផងដែរ ដោយគិតត្រឹមពេលនេះគេបានរកឃើញពលរដ្ឋរងរបួសចំនួន ៦៣៧ នាក់ហើយ ខណៈក្រុមការងារជួយសង្គ្រោះពលរដ្ឋនៅបន្តរុករកក្នុងគំនរបាក់បែងជាច្រើនទៀតក្រែងមានមនុស្សជាប់នៅក្នុងនោះទៀត។

    បើយោងតាមអាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា គ្រោះរញ្ជួញដីបានធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៦០ ខ្នង និងសណ្ឋាគារធំមួយបានដួលរលំនិងបានធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។​ គួរបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីជាប្រទេសមួយដែលមានទីតាំងភូមិសាស្រ្តងាយទទួលរងនូវគ្រោះធម្មជាតិយ៉ាងខ្លាំង ហើយជារឿយៗឥណ្ឌូនេស៊ីតែងជួបប្រទះនូវគ្រោះរញ្ជួយដី ទឹកជំនន់ ផ្ទុះភ្នំភ្លើង និងព្យុះជាដើម។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៨ កោះ Sulawesi របស់ឥណ្ឌូនេស៊ីមួយនេះក៏បានរងនូវគ្រោះរញ្ជួយដីកម្រិត ៧,៥ វ៉ិចទ័រម្តងដែរ និងបានសម្លាប់មនុស្សប្រមាណជា ៤ ៣០០ នាក់ ហើយកាលពីឆ្នាំ ២០០៤ ឥណ្ឌូនេស៊ីបានជួបគ្រោះរញ្ជួយដីកម្រិត ៩,១ វ៉ិចទ័រនិងរលកស៊ូណាមិរួមគ្នាតែម្តង ហើយពេលនោះមានពលរដ្ឋឥណ្ឌូនេស៊ីប្រមាណជា ២២០ ០០០ នាក់ឯណោះបានស្លាប់បាត់បង់ជីវិត៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail  និង Bangkok Post

     

     

    Share This Post: