ខ្លោចចិត្ត! លោកតានិងលោកយាយ ដែលបានឆ្លងកូវីដ១៩ បានសុំមន្ទីរពេទ្យឲ្យពួកគាត់បានជួបគ្នាជាលើកចុងក្រោយ ឃើញហើយស្ទើរស្រក់ទឹកភ្នែក
អង់គ្លេស៖ ក្រៅតែពីបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅជុំវិញពិភពលោក ការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏បានធ្វើឲ្យសមាជិកគ្រួសារ និងគូស្នេហ៍ជាច្រើនត្រូវព្រាត់គ្នាទាំងអាឡោះអាល័យ ឬត្រូវព្រាត់លែងបានជួបមុខគ្នារហូតតែម្តង។ ជាក់ស្តែងសារព័ត៌មាន BBC បានចុះផ្សាយនូវអត្ថបទមួយដែលបង្ហាញថា មានប្តីប្រពន្ធវ័យចំណាស់មួយគូ ដែលជាអ្នកជំងឺកូវីដ ១៩ បានព្យាយាមស្កាត់ជួបគ្នាយ៉ាងលំបាកនៅក្នុងមន្ទីរពេទ្យ ដែលការជួបគ្នានោះគឺជាការជួបលើកចុងក្រោយបង្អស់នៃជីវិតរបស់ពួកគាត់។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងស្ថិតនៅក្នុងក្រុង Bracknell នៃប្រទេសអង់គ្លេស ដោយបុរសជាប្តីមានឈ្មោះថា Gerry អាយុ ៧៩ ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះថា Barbara Jarrett អាយុ ៧៦ ឆ្នាំ ហើយពួកគាត់បានឆ្លងជំងឺកូវីដ ១៩ ដូចគ្នា និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល ២ សប្តាហ៍ហើយ។
បើតាមការបញ្ជាក់ពីអ្នកស្រី Keljarrett ជាកូនស្រីរបស់អ្នកទាំង២បានឲ្យដឹងថា សុខភាពរបស់ម្តាយរបស់គាត់បានចុះខ្សោយយ៉ាងខ្លាំង ហើយឪពុក និងម្តាយរបស់គាត់បានសុំគ្រូពេទ្យ ដើម្បីរៀបចំឲ្យពួកគាត់ជួបគ្នាជាលើកចុងក្រោយ។ ក្រុមគ្រូពេទ្យក៏បានរៀបចំបានសំណូមពររបស់ពួកគាត់ ខណៈលោកតា ដែលកំពុងតែអង្គុយលើរទេះមានបំពាក់ខ្យល់អុកស៊ីសែន បានឃើញលោកយាយកំពុងតែសម្រាកលើគ្រែមានសភាពទន់ខ្សោយ និងបំពាក់អុកស៊ីសែនដូចគ្នាផងដែរ ទឹកភ្នែករបស់លោកតាក៏ស្រក់ហូរ ហើយលោកតាបានចាប់កាន់ដៃលោកយាយជាប់ ដោយអ្នកទាំង២បានចំណាយពេលនិយាយគ្នាបានយូរគួរសម មុនពេលលោកយាយចាប់ផ្តើមពិបាកក្នុងការដកដង្ហើមម្តងទៀត។ រឿងរ៉ាវរបស់លោកតា និងលោកយាយ បានធ្វើឲ្យពិភពលោកមានការរំជួលចិត្ត និងអាណិតអាសូរពួកគាត់យ៉ាងខ្លាំង៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC