ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រយ័ត្ន អ្នកចូលចិត្តដើរលេងបោះតង់ក្នុងព្រៃ! បុរសម្នាក់បោះតង់ក្នុងព្រៃនៅខេត្តមួយក្នុងប្រទេសថៃ ស្រាប់តែកំពុងដេក ត្រូវដំរីព្រៃមួយក្បាល…

    BY autoadmin January 15, 2021
    សូមប្រយ័ត្ន អ្នកចូលចិត្តដើរលេងបោះតង់ក្នុងព្រៃ! បុរសម្នាក់បោះតង់ក្នុងព្រៃនៅខេត្តមួយក្នុងប្រទេសថៃ  ស្រាប់តែកំពុងដេក ត្រូវដំរីព្រៃមួយក្បាល…

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា មានបុរសអាយុ ៨០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងតង់ នៅឯឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ហើយគេជឿជាក់ថា រូបគាត់បានស្លាប់ដោយសារតែដំរីព្រៃមួយក្បាលនៅទីនោះវាយប្រហារ។ ហេតុការណ៍វាយប្រហារនេះបានកើតឡើងនៅក្នុងជំរុំបោះតង់ Pha Kluai Mai ចន្លោះខេត្ត Pak Chong និងខេត្ត Prachin Buri ។

    មន្ត្រីឧទ្យាននិងប៉ូលីសត្រូវបានគេទូរស័ព្ទឱ្យទៅកាន់កន្លែងកើតហេតុ ប្រហែលជាម៉ោង ១ និង ៥០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ហើយពួកគេបានរកឃើញសាកសពមានសភាពទ្រុឌទ្រោមរបស់ជនរងគ្រោះឈ្មោះថា Prayot Jitbun អាយុ ៨០ឆ្នាំ ជាអ្នកនៅខេត្តសាមុតប្រាកាន។ រូបគាត់ក៏មិនខុសពីអ្នកទេសចរដទៃដែរ ដោយគាត់បានទៅឧទ្យាននោះក្នុងបំណងសម្រាកលំហែបោះតង់ ប៉ុន្តែគួរឱ្យសោកស្ដាយដំរីព្រៃមួយក្បាលនោះ បានចូលទៅជុំរំរបស់គាត់ និងវាយប្រហារលើរូបគាត់។

    ប្រភពនិយាយថា ដំរីមួយក្បាលនោះមានឈ្មោះថា «Phlai Due» ហើយនៅមុនពេលកើតហេតុ វាក៏ស្រាប់តែមានអាការខឹងសម្បារភ្លាមៗ ហើយក៏បានចូលទៅវាយប្រហារបុរសរងគ្រោះទាំងដែលគាត់កំពុងសម្រាកលង់លក់។ បុរសរងគ្រោះត្រូវបានដំរីជាន់ និងគ្រវែងចុះឡើង ហើយក្រោយមកបានបោកផ្ទប់នឹងដើមឈើ ធ្វើឱ្យគាត់ស្លាប់នៅនឹងកន្លែង។ មន្ត្រីក៏បាននិយាយដែរថា ដំរីនេះត្រូវបានគេដាក់ឧបករណ៍តាមដានប៉ុន្មានថ្ងៃមកហើយ តាំងតែពីថ្ងៃទី០៨ ខែមករា ដោយសារតែឥរិយាបទផ្លាស់ប្ដូររបស់វានេះ។

    ប្រភពបានបន្ដថា ជនរងគ្រោះបានតំឡើងតង់របស់គាត់ឆ្ងាយពីអ្នកទេសចរដទៃទៀត ចំណែករថយន្តរបស់គាត់គឺនៅជាប់នឹងតង់ និងមានផ្លែឈើជាច្រើននៅក្នុងនោះ។ មន្ត្រីនិយាយថា ដំរីមួយក្បាលនោះទំនងជាឃ្លានផ្លែឈើនៅក្នុងរថយន្តរបស់គាត់ ហើយដោយសារតែចរិតឆេវឆាវរបស់វា ទើបធ្វើឱ្យវាវាយប្រហាទៅលើបុរសរងគ្រោះតែម្ដងទៅ។ យ៉ាងណាអ្នកទេសចរដទៃមិនបានរងរបួសអ្វីទេ ដោយសារជនរងគ្រោះនៅឆ្ងាយពីគេ ហើយអ្នកផ្សេងទៀតបានចេញពីតំបន់កើតហេតុ នៅពេលដែលបានឮសំឡេងគ្រហឹមរបស់ដំរី៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: