យ៉ាងហោចណាស់មានមនុស្ស ៣៤នាក់ បានស្លាប់ និងរាប់រយនាក់បានរងរបួស ដោយសារគ្រោះរញ្ជួយដីនៅកម្រិត ៦.២ រ៉ិចទ័រ នៅឥណ្ឌូណេស៊ី
យ៉ាងហោចណាស់មានមនុស្ស ៣៤នាក់ បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ ដែលបានវាយប្រហារកោះ Sulawesi របស់ប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ មនុស្សរាប់រយនាក់ទៀតក៏បានរងរបួសផងដែរ នៅអំឡុងពេលមានការរញ្ជួយដីនៅពេលព្រឹកព្រលឹម ដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជនដែលរស់នៅក្នុងកោះនេះ។

លោក Ali Rahman ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បានមានប្រសាសន៍ថា៖«ព័ត៌មានចុងក្រោយដែលយើងមានគឺថា មនុស្សចំនួន ២៦នាក់ បានស្លាប់…នៅក្នុងទីក្រុង Mamuju ហើយចំនួននេះអាចកើនឡើងថែមទៀត»។ លោកបាននិយាយថា៖ «អ្នកស្លាប់ជាច្រើនត្រូវបានកប់នៅក្រោមគំនរបាក់បែក»។
ដោយឡែកទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់នៅក្នុងតំបន់មួយ នៅភាគខាងត្បូងនៃទីក្រុង Mamuju ដែលជាទីក្រុងមួយ ដែលមានពលរដ្ឋចំនួន ១១០,០០០ នាក់ ស្ថិតនៅខេត្ត Sulawesi ភាគខាងលិច ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមានដល់ ៣៤នាក់ គិតត្រឹមពេលរាយការណ៍នេះ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia