អន្តរជាតិ

អង្គការសុខភាពពិភពលោកសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រទេសក្រីក្រដែលមិនអាចទទួលបានវ៉ាក់សាំងបង្ការគ្រប់គ្រាន់

BY
autoadmin
January 19, 2021

ប្រធានអង្គការសុខភាពពិភពលោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ដែលមិនត្រូវបានផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយបាននិយាយថា វ៉ាក់សាំងចំនួន ៣៩ លានដូស ត្រូវបានគេប្រើនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ខណៈពេលដែល ២៥ដូស ត្រូវបានផ្តល់ឱ្យនៅក្នុងប្រទេសក្រីក្រមួយ។

ទោះបីជាមានគម្រោងសម្រាប់ការចែកចាយប្រកបដោយសមធម៌ ដែលបង្កើតឡើងដោយអង្គការសុខភាពពិភពលោក និងប្រទេសផ្សេងទៀតក៏ដោយ ក៏លោក Tedros បាននិយាយថា៖«ប្រទេសនិងក្រុមហ៊ុនមួយចំនួន បន្តផ្តល់អាទិភាពដល់កិច្ចព្រមព្រៀងទ្វេភាគីរបស់ពួកគេ»។ លោកបាននិយាយថា ជំហរបែបនេះកំពុងធ្វើឱ្យតម្លៃវ៉ាក់សាំងកើនឡើង ខណៈសីលធម៌នៅក្នុងពិភពលោកនេះគឺស្ទើរតែបាត់បង់ ហើយលទ្ធផលទាំងអស់នេះនឹងធ្លាក់ទៅលើប្រទេសក្រីក្រ។

គាត់បាននិយាយថា វាមិនត្រឹមត្រូវទេដែលមនុស្សវ័យក្មេងនិងមនុស្សវ័យចំណាស់ ដែលមានសុខភាពល្អនៅក្នុងប្រទេសអ្នកមាន ត្រូវបានទទួលថ្នាំបង្ការមុន បុគ្គលិកសុខាភិបាលនិងមនុស្សចាស់ នៅក្នុងប្រទេសក្រីក្រ។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលនៅជុំវិញពិភពលោកគាំទ្រកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីរៀបចំឱ្យប្រទេសទាំងអស់ត្រៀមខ្លួននៅដើមខែមេសា សម្រាប់ការចាក់វ៉ាក់សាំងជូនបុគ្គលិកពេទ្យ និងមនុស្សចាស់ជរាទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: