ហួសចិត្ត! កំពុងធ្វើចត្តាឡីស័កហើយ ពលរដ្ឋម៉ាឡេស៊ីមួយក្រុម ឆ្លៀតជុំគ្នាអង្គុយផឹកស៊ី ជជែកគ្នាលេងធ្វើព្រងើយ គ្មានខ្វល់ខ្លាចឆ្លងកូវីដអីសោះ (មានវីដេអូ)
- BY
- autoadmin
- January 19, 2021
ម៉ាឡេស៊ី៖ ខណៈដែលក្រុមបុគ្គលិកសុខាភិបាលនិងមន្ត្រីអាជ្ញាធរជាច្រើននាក់កំពុងតែខិតខំប្រឹងអស់កម្លាំងកាយចិត្តក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩ នោះ ស្រាប់តែគេបានប្រទះឃើញពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កមួយក្រុមបែរជានាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កទៅវិញ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា សកម្មភាពបែបអត្មានិយមនេះបានកើតនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកម្រិតស្រាលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Sabah ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ខណៈអត្តសញ្ញាណរបស់ក្រុមពលរដ្ឋទាំងនោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។

យោងទៅតាមវីដេអូដែលគេថតបាននិងយកទៅបង្ហោះពេញបណ្តាញសង្គមនោះបានបង្ហាញ ក្រុមពលរដ្ឋដែលនាំគ្នាផឹកស៊ីនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កនោះមានទាំងប្រុសទាំងស្រី បាននាំគ្នាអង្គុយលើកៅអីជារាងរង្វង់ និងមានស្រាបៀរក្លាសេចំនួន ២ ធុងនៅក្បែរពួកគេផងដែរ។ ពួកគេម្នាក់ៗបានកាន់ស្រាបៀរផឹកស៊ីនិងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ដោយមិនខ្វល់ថាមានអ្នកណាខ្លះត្រូវធ្វើការងារយ៉ាងនឿយហត់និងគ្មានពេលសម្រាកគ្រប់គ្រាន់ចំពោះពួកគេនោះទេ។
សកម្មភាពនេះត្រូវបានសាធារណៈជននាំគ្នារិះគន់យ៉ាងខ្លាំង ព្រោះតែវាជាសកម្មភាពមួយដែលមិនបានផ្តល់ការគោរពចំពោះការលះបង់របស់ក្រុមគ្រូពេទ្យនិងមន្ត្រីអាជ្ញាធរដែលកំពុងនាំគ្នាដុតដៃដុតជើងបំពេញបេសកម្ម ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ទាល់តែសោះ ហើយមួយវិញទៀតការផឹកស៊ីជួបជុំគ្នាដូចនេះគឺជាឱកាសនៃការចម្លងជំងឺកូវីដ ១៩ យ៉ាងឆាប់រហ័សផងដែរ ប្រសិនបើមានសមាជិកណាម្នាក់ក្នុងចំណោមពលរដ្ឋទាំងនោះវិជ្ជមានជំងឺកូវីដ ១៩៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






