អន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នឹងស្នើឱ្យមានច្បាប់ដំណើរការ ៨ឆ្នាំ ដើម្បីសុំចូលសញ្ជាតិសម្រាប់ជនអន្តោប្រវេសន៍នៅអាមេរិក នៅថ្ងៃដំបូងនៃការឡើងកាន់តំណែងរបស់លោក

BY
autoadmin
January 19, 2021

ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន គ្រោងនឹងបង្ហាញនូវគម្រោងច្បាប់អន្តោប្រវេសន៍ថ្មី នៅថ្ងៃទី១ នៃការដឹកនាំជាផ្លូវការរបស់លោក ដោយសង្ឃឹមថានឹងអាចផ្តល់សញ្ជាតិដល់ពលរដ្ឋប្រមាណ ១១ លាននាក់ (សម្រាប់អ្នកដែលរស់នៅអាមេរិក៨ឆ្នាំ) ដែលកំពុងរស់នៅសហរដ្ឋអាមេរិកដោយគ្មានឋានៈអ្វី ដែលនេះជាច្បាប់ផ្ទុយស្រឡះពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលមានគោលនយោបាយតឹងតែងចំពោះជនអន្តោប្រវេសន៍ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Time

ច្បាប់នេះបានបញ្ជាក់ពីការសន្យាដ៏សំខាន់មួយរបស់លោក ចូ បៃដិន ដែលវាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជនជាតិឡាទីន (Latino) និងសហគមន៍ជនអន្តោប្រវេសន៍ដទៃទៀត បន្ទាប់ពីរយៈពេល ៤ឆ្នាំ នៃគោលនយោបាយដ៏តឹងរឹងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងការនិរទេសជនអន្តោប្រវេសន៍របស់គាត់។ វាផ្តល់នូវផ្លូវថ្មីយ៉ាងលឿនបំផុតមួយ ដល់ពលរដ្ឋដែលរស់នៅដោយគ្មានឋានៈអ្វីសោះ ដែលធ្លាប់ជាវិធានការណ៍ក្នុងប៉ុន្មានឆ្នាំចុងក្រោយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។

យ៉ាងណាច្បាប់ថ្មីនេះហាក់បរាជ័យក្នុងការរាប់បញ្ចូលទាំងបញ្ហាសន្តិសុខនៅតាមព្រំដែន ដែលធ្លាប់ត្រូវបានគាំទ្រដោយគណបក្សសាធារណរដ្ឋភាគច្រើន ហើយជារឿយៗធ្វើឱ្យសភាមានការខ្វែងគំនិតគ្នា។ ដំណើរការនៃច្បាប់ថ្មីនេះនឹងត្រូវសរសេររាប់រយទំព័រ ហើយវាទំនងជានឹងត្រូវលើកឡើងនៅថ្ងៃពុធនេះ នៅចំពេលដែលលោក ចូ បៃដិន ឡើងស្បថកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកជាផ្លូវការ នេះបើតាមប្រភពអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកបង្កើតច្បាប់។

ច្បាប់ថ្មីនេះមានន័យថា អ្នកដែលបានចូលមករស់នៅសហរដ្ឋអាមេរិក រហូតមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដោយគ្មានឋានៈអ្វី, នឹងអាចមានសិទ្ធស្នើយកឋានៈស្របច្បាប់ ឬ Green card បណ្តោះអាសន្នមួយ បន្ទាប់ពីរយៈពេល ៥ឆ្នាំ នៃការរស់នៅរបស់ពួកគេ ប្រសិនបើប្រវត្តិរបស់ពួកគេត្រូវបានពិនិត្យ មានការបង់ពន្ធ និងបានបំពេញតាមតម្រូវការជាមូលដ្ឋានផ្សេងៗ។ ហើយចាប់ពីនោះទៀតពួកគេត្រូវការរយៈពេល ៣ឆ្នាំ នៃដំណើរការចូលសញ្ញាតិ ដើម្បីទទួលយកបានសញ្ជាតិអាមេរិកពេញសិទ្ធ។

សម្រាប់ជនអន្តោប្រវេសន៍ខ្លះទៀតអាចមានដំណើរការលឿនជាងនេះ ពោលគឺពលរដ្ឋក្មេងៗដែលមករស់នៅអាមេរិកតាំងតែពីតូច ឬហៅថា «Dreamers» ក៏ដូចជាកម្មករផ្នែកកសិកម្ម និង ពលរដ្ឋស្ថិតក្រោមការការពារបណ្ដោះអាសន្ន នឹងអាចស្នើយក Green card បានយ៉ាងឆាប់រហ័ស ប្រសិនបើពួកគេកំពុងធ្វើការ រៀនសូត្រ ឬបានគោរពទៅតាមតម្រូវការនានា។ ច្បាប់អន្តោប្រវេសន៍របស់លោកប្រធានាធិបតីថ្មី ចូ បៃដិន ហាក់មានការផ្ទុយស្រឡះពីច្បាប់ដ៏សែនវេទនារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប៉ុន្តែយ៉ាងណាវានៅតែមិនទាន់ទូលំទូលាយនិងលម្អិត ដូចកាលពីជំនាន់លោក បារ៉ា​ក់​ អូ​បា​ម៉ា នោះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Time

Share This Post: