វៀតណាមនឹងមានវ៉ាក់សាំងការពារសត្វជ្រូកពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលខ្លួនជាអ្នកបង្កើតឡើងឆាប់ៗនេះ
- BY
- autoadmin
- January 20, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា លោក Phung Duc Tien អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានមានប្រសាសន៍ថា ប្រទេសរបស់លោកនឹងមានវ៉ាក់សាំងការពារសត្វជ្រូកពីជំងឺប៉េស្តជ្រូកអាហ្វ្រិក (African swine fever) នាពេលខាងមុខនេះ។ លោកបានបន្ថែមថា ការស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្ដជ្រូកអាហ្រ្វិករបស់វៀតណាមគឺកំពុងមានផ្លែផ្កា ហើយវ៉ាក់សាំងនឹងត្រូវបានផលិត និងធ្វើពាណិជ្ជកម្មឆាប់ៗនេះ។

ដំណឹងដ៏ល្អនេះនាំមកនូវភាពរីករាយដល់ម្ចាស់កសិដ្ឋានជាង ២.៥ លាន និងទីផ្សារចំណីសត្វក្នុងស្រុក ដោយសារថាជំងឺប៉េស្តជ្រូកអាហ្វ្រិក ជារឿយៗបានផ្ដល់ការរំខានដល់កសិដ្ឋាន ធ្វើឱ្យសត្វជ្រូកងាប់ និងធ្វើឱ្យពួកគេខាតបង់យ៉ាងច្រើននាពេលកន្លងមក។
យោងទៅតាមនាយកដ្ឋានផលិតកម្មបសុសត្វបានឱ្យដឹងថា ចំនួនជ្រូកចញ្ចឹមនៅក្នុងប្រទេសនេះបានកើនជាង ៨៥% បើប្រៀបធៀបនឹងចំនួនចាស់ ដែលនាំឱ្យចំនួនជ្រូកចញ្ចឹមកើនដល់ ២៧ លានក្បាល។ គេប៉ាន់ប្រមាណថា ចាប់ពីពេលនេះរហូតដល់ចប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ (បុណ្យចូលឆ្នាំចិន) ឆ្នាំ២០២១ តម្រូវការសាច់សត្វនិងស៊ុតសត្វចិញ្ចឹមនឹងកើនឡើងពី ៥ ទៅ ១០% ដូច្នេះប្រទេសនេះអាចរីករាយនឹងបំពេញតំរូវការសាច់ ឱ្យទាន់ពេលថ្ងៃឈប់សម្រាកដ៏ពិសេសនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






