អន្តរជាតិ

ម្សិលមិញ ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មីចំនួន ៣,៦៣១នាក់ និងស្លាប់ចំនួន ១៤នាក់ផងដែរ

BY
autoadmin
January 20, 2021

ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី ១៩​ មករា ម្សិលមិញនេះ ម៉ាឡេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ៣ ៦៣១ ករណី និងបានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១៤ ករណីបន្ថែមទៀតផងដែរ។ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺភាគច្រើនបានរកឃើញនៅក្នុងរដ្ឋ Selangor ​មានចំនួន  ១ ១៩៩ករណី នៅក្នុងក្រុងកូឡាឡាំពួរ ចំនួន ៥២១ករណី នៅក្នុងរដ្ឋ Sabah ចំនួន ៥២៦ករណី នៅក្នុងរដ្ឋ Johor ចំនួន ៣៦៨ករណី ហើយក្រៅពីនេះត្រូវបានរកឃើញនៅតាមបណ្តារដ្ឋផ្សេងៗទៀតក្នុងចំនួនតិចតួចនិងភាគច្រើនជាករណីកើតមានចំពោះពលរដ្ឋដែលកំពុងមានហានិភ័យក្នុងការឆ្លងជំងឺខ្ពស់ស្រាប់ទៅហើយ។

ដោយឡែកចំពោះករណីស្លាប់ទាំង ១៤ ករណីវិញគឺមាន ២ ករណីបានកើតមានចំពោះជនបរទេស និង ១២ ករណីផ្សេងទៀតបានកើតមានចំពោះពលរដ្ឋម៉ាឡេស៊ី ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នេះគឺមានអាយុចន្លោះពី ៤៦ ដល់ ៨៤ ឆ្នាំ។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបចំនួន ១៦៥ ៣៧១ ករណី និងស្លាប់ចំនួន ៦១៩ ករណីផងដែរ ខណៈរដ្ឋាភិបាលម៉ាឡេស៊ីកាលពីពេលថ្មីៗនេះបានសម្រេចបិទតំបន់សំខាន់ៗមួយចំនួន ឬដាក់ក្នុងគ្រាមានអាសន្នជាបន្តទៀត ព្រោះតែចំនួនអ្នកឆ្លងថ្មីនៅក្នុងសហគមន៍ហាក់មិនថយចុះទាល់តែសោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia 

Share This Post: