អាជ្ញាធរកោះបាលី ចាប់ឲ្យជនបរទេសដែលដើរហើរមិនពាក់ម៉ាស់ ឲ្យអាវ៉ង់ម្នាក់២៥ដង ដើម្បីជាការពិន័យ (មានវីដេអូ)
- BY
- autoadmin
- January 20, 2021
យោងតាមការចុះផ្សាយរបស់ទំព័រ 9GAG បានឱ្យដឹងថា ក្រុមសន្តិសុខនៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី បានធ្វើការពិន័យជនបរទេសដែលមិនបានពាក់ម៉ាស់ពេលចេញមកក្រៅ ដែលជាការបំពានវិធានការណ៍ទប់ស្កាត់ជំងឺ COVID-19 ឱ្យធ្វើការអាវ៉ង់ (push-ups) នៅលើផ្លូវសាធារណៈជាការដាស់តឿន។ ភ្ញៀវទេសចរជាច្រើនត្រូវបានគេបង្គាប់ឱ្យអាវ៉ង់ចំនួន ២៥ដង នៅពេលដែលពួកគេមិនពាក់ម៉ាសឱ្យបានត្រឹមត្រូវ ប៉ុន្តែត្រូវបានដោះលែងក្រោយ ពីរបីនាទី បន្ទាប់ពីនោះ។

មានបុរស ២នាក់ ត្រូវបានគេមើលឃើញថាកំពុងធ្វើការអាវ៉ង់ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយក្រុមសន្តិសុខ នៅពេលដែលពួកគេមិនបានពាក់ម៉ាស់នៅឯតំបន់ Badung នៅក្នុងរូបថត ដែលត្រូវបានបង្ហោះដោយទីភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈ Badung Regency ។ ជម្រាបដែរថា ការបំពានច្បាប់ស្ដីពីជំងឺ COVID-19 នៅលើកោះបាលីប្រហែល ៨,៨៦០ ត្រូវបានកត់ត្រាទុកក្នុងសប្តាហ៍នេះ ដែលភាគច្រើនមាននៅក្នុងតំបន់ទេសចរណ៍។ ភ្ញៀវទេសចរជាច្រើនត្រូវបានគេពិន័យឱ្យធ្វើការអាវ៉ង, បង្គាប់ឱ្យបោសសម្អាតផ្លូវ ឬ ពិន័យជាប្រាក់ ៧ដុល្លារ។
លោក Gusti Agung Kerta Suryanegara ប្រធានប៉ូលីសសណ្តាប់ធ្នាប់សាធារណៈបាននិយាយថា មនុស្ស ៨០% ដែលបានរំលោភលើច្បាប់ទប់ស្កាត់ជំងឺឆ្លងនេះគឺជាជនបរទេស។ ចំពោះអ្នកដែលអះអាងថា មិនមានប្រាក់តាមខ្លួនដើម្បីបង់ប្រាក់ពិន័យ ពួកគេត្រូវបានស្នើសុំឱ្យធ្វើការអាវ៉ង ឬបោសសម្អាតតាមផ្លូវ ទោះបីជាជនបរទេសខ្លះចាត់ទុកថាវាជារឿងកំប្លែងក៏ដោយ។ គួរឱ្យដឹងដែរថា នៅកោះបាលីមានករណីជំងឺ COVID-19 ច្រើនជាង ២០,២៥៥ ករណី និងស្លាប់ ៥៧៩នាក់៕



អត្ថបទ៖ លីដា
ប្រភព៖ 9GAG
- Share This Post:






