យុវសិស្សជប៉ុនម្នាក់ត្រូវអស់សិទ្ធចេញពីការប្រលងថ្នាក់ជាតិ ដោយសារបដិសេដមិនព្រមពាក់ម៉ាស់ ហើយមិននិយាយហេតុផលឱ្យច្បាស់លាស់
- BY
- autoadmin
- January 23, 2021
ជប៉ុន៖ យុវសិស្សជប៉ុនម្នាក់ត្រូវបានគេដកសិទ្ធចេញពីការប្រលងចូលរៀនសាកលវិទ្យាល័យថ្នាក់ជាតិនៅឯប្រទេសជប៉ុន បន្ទាប់ពីរូបគេបានបដិសេធមិនព្រមពាក់ម៉ាស់ពេលដើរចូលក្នុងបន្ទប់ប្រលង។ បើយោងតាមការចុះផ្សាយនៅក្នុងវេបសាយ 9Gag បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសោរ៍ចុងសប្តាហ៍មុន ខណៈដែលការប្រលងកម្រិតថ្នាក់ជាតិមួយនេះត្រូវបានរៀបចំឡើងនៅតាមមណ្ឌលប្រលងចំនួន ៦៨១ កន្លែងផ្សេងគ្នានៅទូទាំងប្រទេសជប៉ុន និងមានបេក្ខជនចូលរួមប្រលងចំនួន ៥៣៥ ២៤៥ នាក់។

មុនថ្ងៃប្រលងចូលមកដល់ មជ្ឈមណ្ឌលជាតិសម្រាប់ការប្រលងចូលរៀនសាកលវិទ្យាល័យជប៉ុន បានជូនដំណឹងយ៉ាងច្បាស់ថា បេក្ខជនទាំងអស់ត្រូវតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវពេលមកប្រលង ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺ COVID-19 ហើយសម្រាប់បេក្ខជនណាដែលមានបញ្ហាសុខភាពមិនអាចពាក់ម៉ាស់បាន ត្រូវជូនដំណឹងមកខាងក្រុមការងាររៀបចំការប្រលងជាមុន ដើម្បីគេអាចរៀបចំឲ្យបេក្ខជនរូបនោះប្រលងនៅក្នុងបន្ទប់ពិសេសតែម្នាក់ឯង។ សេចក្តីជូនដំណឹងខាងលើនេះក៏បានសង្កត់ធ្ងន់ថា បេក្ខជនណាដែលមិនបានពាក់ម៉ាស់ត្រឹមត្រូវតាមការណែនាំនឹងគ្មានសិទ្ធក្នុងការប្រលងនោះទេ។
បើទោះជាមានការជូនដំណឹងដូចបានជម្រាបជូនខាងលើក្តី ក៏បេក្ខជនដែលត្រូវបានគេដកសិទ្ធចេញពីការប្រលងខាងលើនេះ បានទៅដល់បន្ទប់ប្រលងទាំងគ្មានម៉ាស់ជាប់ខ្លួនទាល់តែសោះ ហើយពេលនោះគេបានប្រាប់ឲ្យគាត់ពាក់ម៉ាស់ចំនួន ៧ដង តែគាត់នៅតែមិនធ្វើតាម ខណៈមូលហេតុដែលគាត់មិនព្រមពាក់ម៉ាស់ក៏មិនបានបញ្ជាក់ឱ្យច្បាស់លាស់នោះដែរ។ ចុងបញ្ចប់នៃការបំពានសេចក្តីណែនាំរបស់អាជ្ញាធរនេះ គឺយុវសិស្សរូបនោះបានធ្លាក់ពីការប្រលងថ្នាក់ជាតិនៅជុំដំបូងតែម្ដង៕


អត្ថបទ៖ ភក្តី
ប្រភព៖ 9Gag
- Share This Post:






