អន្តរជាតិ

ពលរដ្ឋអ៉ីស្រាអែលច្រើនជាង ១២,៤០០នាក់ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុន Pfizer/BioNTech

BY
autoadmin
January 21, 2021

ក្រសួងសុខាភិបាលអ៉ីស្រាអែលបាននិយាយថា មនុស្សជាង ១២,៤០០ នាក់ នៅក្នុងប្រទេសរបស់ខ្លួន បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer / BioNTech ដោយក្នុងនោះក៏រួមមានមនុស្ស ៦៩នាក់ ដែលបានទទួលវ៉ាក់សាំងជាលើកទី២ ទៅហើយក្ដី។ ប្រភពបាននិយាយថា មានមនុស្ស ១៨៩,០០០ នាក់ បានទៅស្វែងរកការធ្វើតេស្ដរកជំងឺ COVID-19 បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការ ហើយ ៦.៦% ក្នុងចំណោមពួកគេទាំងនោះបានតេស្ដវិជ្ជមានជាមួយជំងឺ នេះបើយោងតាមទិន្នន័យរបស់ក្រសួងដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានអ៉ីស្រាអែល។ ពួកគេភាគច្រើនទំនងជាបានឆ្លងភ្លាមៗបន្ទាប់ពីចាក់វ៉ាក់សាំងលើកទី១ (វ៉ាក់សាំងត្រូវចាក់២ដង) ពោលគឺអំឡុងពេលដែលប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅមិនទាន់មានពេញលេញនៅឡើយ។

យ៉ាងណាក៏ដោយមានមនុស្សចំនួន ១,៤១០ នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ក្នុងរយៈពេល ២សប្តាហ៍ បន្ទាប់ពីការចាក់ថ្នាំបង្ការលើកដំបូងរបស់ពួកគេ ដែលអំឡុងពេលនោះវ៉ាក់សាំងគួរតែចាប់ផ្ដើមមានប្រសិទ្ធិភាព ប៉ុន្តែពួកគេនៅតែអាចឆ្លងជំងឺបានដដែល។ លើសពីនេះទៅទៀតអ្នកជំងឺចំនួន ៦៩ នាក់ បានឆ្លងជំងឺ COVID-19 ទោះបីជាពួកគេបានចាក់វ៉ាក់សាំងទាំង ២លើក រួចហើយក៏ដោយ។ ជម្រាបដែរថាអ៉ីស្រាអែលបានចាប់ផ្តើមចាក់វ៉ាក់សាំងលើកទី២ ជិតពីរសប្តាហ៍មុន ដោយនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu ជាអ្នកទីមួយ ដែលបានបំពេញការចាក់វ៉ាក់សាំងលើកទី២នោះ។

ក្រុមហ៊ុន Pfizer ធ្លាប់បាននិយាយថា ភាពស៊ាំនឹងកើនឡើងរវាងថ្ងៃទី១៥ និងថ្ងៃទី២១ បន្ទាប់ពីការចាក់ថ្នាំបង្ការដំបូង នៅពេលដែលប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់វាកើនឡើងពី ៥២ ទៅ ៨៩% នេះបើយោងតាមការសាកល្បងមុនៗ។ វ៉ាក់សាំងឈានដល់កម្រិតការពារបាន ៩៥% ក្នុងមួយសប្តាហ៍បន្ទាប់ពីការចាក់លើកទី២ ត្រូវបានអនុវត្ត។ យ៉ាងណាក៏ដោយនៅពេលនិយាយអំពីការចាក់វ៉ាក់សាំងនេះ លទ្ធផលនៃការសាកល្បងគ្លីនិកអាចខុសគ្នាពីរបៀបដែលវ៉ាក់សាំងនៃជំងឺ COVID-19 ត្រូវបានចាក់លើមនុស្សនៅខាងក្រៅការសាកល្បង ដោយសារថាចំនួនមនុស្សចាក់វ៉ាក់សាំងមានច្រើនជាងពេលសាកល្បង៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: