សារព័ត៌មានអង់គ្លេស Daily Mail ចុះផ្សាយថា ចិនបានដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩តាំងតែពីដំបូង ប៉ុន្តែចិនបានព្យាយាមលាក់បាំងរឿងនេះ
- BY
- autoadmin
- January 21, 2021
យោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយនូវវីដេអូមួយដែលបង្ហាញថា ប្រទេសចិនបានដឹងពីគ្រោះថ្នាក់នៃជំងឺ COVID-19 តាំងពីដើមខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែចិនមិនបានរាយការណ៍ជូនអង្គការសុខភាពពិភពលោក ដើម្បីដាក់សញ្ញាអាសន្នពីការរាតត្បាតនៃជំងឺនោះទេ។ វីដេអូមួយនោះមានរយៈពេល ១:៤០ នាទី ហើយវាត្រូវបានលួចថតជាសម្ងាត់ដោយក្រុមគ្រូពេទ្យទាហ៊ាន នៅក្នុងក្រុងវូហាន នៃប្រទេសចិន ដែលជាកន្លែងចាប់ផ្តើមនៃការរាតត្បាតជំងឺ COVID-19 ។

តាមរយៈខ្លឹមសារនៅក្នុងវីដេអូដ៏ខ្លីមួយនេះបានឲ្យដឹងថា តាមការពិតក្រុមពេទ្យទាហ៊ាននៅក្រុងវូហាន បានដឹងច្បាស់អំពីករណីមានអ្នកស្លាប់ដោយជំងឺ COVID-19 និងដឹងច្បាស់ថា វាអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងឆាប់រហ័យ តាំងតែពីដើមខែធ្នូ ឆ្នាំ២០១៩។ យ៉ាងណាក្តីក្រុមគ្រូពេទ្យទាំងនោះត្រូវបានគេណែនាំមិនឲ្យនិយាយរឿងនេះជាសាធារណៈឡើយ ហើយពេលប្រជុំនៅក្នុងមន្ទីរពេទ្យក៏ក្រុមគ្រូពេទ្យទាំងនោះ ត្រូវបានគេប្រាប់ឲ្យនិយាយកុហកពីករណីទាំងនោះដែរ។
ប្រភពខាងលើក៏បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យក៏បានស្នើឲ្យផ្អាកការរៀបចំពិធីបុណ្យចូលប្រឆ្នាំប្រពៃណីចិន ដែលត្រូវរៀបចំឡើងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ផងដែរ ដើម្បីទប់ស្កាត់ការចម្លងជំងឺ COVID-19 នៅក្នុងសហគមណ៍ ប៉ុន្តែអាជ្ញាធរចិនបានបដិសេដសំណើនោះ ដោយបានឆ្លើយតបវិញថា បុណ្យចូលឆ្នាំប្រពៃណីចិនគឺ នាំមកនូវសុខដុមរមនា និងភាពរីកចម្រើននៅក្នុងសង្គម ដូចនេះគេមិនអាចលុបកម្មវិធីនេះចោលបានទេ។ ដោយមានការលាក់បាំងព័ត៌មាននៃគ្រោះថ្នាក់របស់ជំងឺCOVID-19 ហើយស្របពេលដែលពលរដ្ឋចិននៅគ្រប់ទិសទីជុំវិញពិភពលោក ត្រូវធ្វើការជួបជុំគ្នាក្នុងពិធីបុណ្យចូលឆ្នាំទៀតនោះ ទើបការរាតត្បាតជំងឺមានវិសាលភាពធំធេងតែម្តង ។
គេនៅចាំបានថា ចិនមិនបានរាយការណ៍ពីករណីអ្នកស្លាប់ដោយជំងឺ COVID-19 នោះទេ រហូតដល់ពាក់កណ្តាល ខែមករា ឆ្នាំ២០២០ ហើយគេជឿថាបើចិនមិនបានលាក់បាំងអំពីបញ្ហានេះ និងបានរាយការណ៍ឲ្យពិភពលោកបានដឹងពីគ្រោះថ្នាក់នៃការរាតត្បាតជំងឺមួយនេះ ប្រហែលជាពិភពលោកមិនត្រូវរងនូវវិបត្តិនៃជំងឺ COVID-19 ធ្ងន់ធ្ងរដូចពេលនេះទេ។ គួរបញ្ជាក់ជូនថា ការចុះផ្សាយវីដេអូមួយនេះត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពី WHO បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ការឆ្លើយតបរបស់ចិនចំពោះករណីជំងឺ COVID-19 គឺមានភាពយឺតយ៉ាវខ្លាំង ខណៈអាមេរិកក៏បានចេញផ្សាយនូវរបាយការណ៍មួយអះអាងថា ជំងឺ COVID-19 បានបែកធ្លាយចេញមកពីមន្ទីរពិសោធន៍ក្នុងក្រុងវូហាន៕



អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail
- Share This Post:






