អន្តរជាតិ

មនុស្ស ៥នាក់បានស្លាប់ក្នុងហេតុការណ៍ឆេះអគារផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ធំជាងគេលើពិភពលោក

BY
autoadmin
January 22, 2021

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៥ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ស្ថិតនៅក្នុងទីក្រុង Pune រដ្ឋ Maharashtra ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ អគារក្រុមហ៊ុនដែលបានរងនូវភ្លើងឆេះនេះមួយនេះគឺកំពុងស្ថិតក្រោមការសាងសង់និងស្ថិតនៅក្នុងបរិវេណនៃវិទ្យាស្ថានជាតិឥណ្ឌា Serum ហើយវាគឺជាទីតាំងផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ធំជាងគេនៅលើពិភពលោកផងដែរ។

បើតាមលោក Murlidhar Mohol ដែលជាអភិបាលក្រុង Pune ​បានឲ្យដឹងថា ពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនោះទំនងជាកម្មករសំណង់ដែលកំពុងធ្វើការងារសាងសង់អគារនោះផ្ទាល់តែម្តង ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងច្បាស់ពីមូលហេតុបង្កឲ្យមានភ្លើងឆេះនេះទេ បើទោះជាក្រុមការងារពន្លត់អគ្គិភ័យបានពន្លត់ភ្លើងអស់ទៅហើយក្តី។

ដោយឡែកលោក Adar Poonwala ដែលជាអគ្គនាយកនៃវិទ្យាស្ថាន Serum បានឲ្យដឹងថា ហេតុការណ៍ភ្លើងឆេះអគារនេះមិនបានធ្វើឲ្យខូចខាតវ៉ាក់សាំងចំនួន ៥០ លានដូសដែលមាននៅក្នុងស្តុកស្រាប់នោះទេ ហើយដំណើរការនៃផលិតវ៉ាក់សាំងផ្សេងទៀតក៏មិនរងនូវផលប៉ះពាល់ដែរ។ ផ្ទុយទៅវិញក្រុមអ្នកជំនាញឥណ្ឌាបានឲ្យដឹងក្នុងឱកាសនេះផងដែរថា គេនឹងព្យាយាមបង្កើនការផលិតវ៉ាក់សាំងពី ១,៥ ពាន់លានដូសទៅដល់ ២,៥ ពាន់លានដូសនៅចុងឆ្នាំ ២០២១ នេះ ខណៈនៅទូទាំងពិភពលោកទាំងមូលត្រូវបានគេរំពឹងថានឹងមានវ៉ាក់សាំងរហូតដល់ ១២ ពាន់លានដូសនៅក្នុងឆ្នាំនេះហើយនៅក្នុងនោះវ៉ាក់សាំងប្រមាណជា ៩ ពាន់លានដូសនឹងត្រូវបញ្ជាទិញដោយក្រុមប្រទេសអ្នកមាន។

សូមបញ្ជាក់ថា វិទ្យាស្ថាន Serum របស់ឥណ្ឌាជាកន្លែងទទួលផលិតវ៉ាក់សាំងដែលជាការរកឃើញរបស់ប្រទេសជាច្រើន ហើយកាលពីពេលថ្មីៗនេះវិទ្យាស្ថានមួយនេះទើបចុះកិច្ចសន្យាផលិតវ៉ាក់សាំង AstraZeneca​ របស់អង់គ្លេសចំនួន ១ ពាន់លានដូសផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: