អន្តរជាតិ

កំពូលមហាសេដ្ឋី Elon Musk នឹងផ្ដល់រង្វាន់ ១០០លានដុល្លារ ទៅដល់អ្នកដែលអាចបង្កើតបច្ចេកវិទ្យាចាប់យកកាបូនបានល្អបំផុត

BY
autoadmin
January 22, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider បានឱ្យដឹងថាលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពីការផ្ដល់រង្វាន់ នៅក្នុងកិច្ចខិតខំសប្បុរសធម៌មួយ ដែលមានគោលបំណងលើកទឹកចិត្តដល់ការបង្កើតបច្ចេកវិទ្យាចាប់យកកាបូនដែលមានភាពច្នៃប្រតិដ្ឋបំផុត។ លោកដោយបានសរសេរថា៖«ខ្ញុំនឹងបរិច្ចាគទឹកប្រាក់ ១០០ លានដុល្លារ លើរង្វាន់សម្រាប់បច្ចេកវិទ្យាចាប់យកកាបូនល្អបំផុត»។ លោកបានបន្ថែមថា លោកនឹងផ្តល់ព័ត៌មានលម្អិតនៅសប្តាហ៍ក្រោយ។

លោក Elon Musk ដែលទើបតែវ៉ាដាច់ CEO របស់ក្រុមហ៊ុន Amazon គឺលោក Jeff Bezos ក្នុងតំណែងជាអ្នកមានបំផុតរបស់ពិភពលោក ថ្មីៗនេះបានស្នើសុំឱ្យអ្នកតាមដានបណ្ដាញ Twitter របស់លោកផ្តល់ដំបូន្មានអំពីវិធីផ្តល់ប្រាក់ (giveaway) របស់គាត់ឱ្យបានល្អបំផុត។ លោកថានឹងទទួលយកទាំងការរិះគន់ ខណៈដែលការបរិច្ចាគទឹកប្រាក់របស់លោក នឹងត្រូវប្រាកដថាអាចបង្កើតអ្វីដែលថ្មី។

កាលពីឆ្នាំ២០១២ លោក Elon Musk ក៏ធ្លាប់បានចុះហត្ថលេខាលើយុទ្ធនាការ Giving Pledge ដែលជាគំនិតផ្តួចផ្តើមមួយ បង្កើតឡើងដោយលោក Bill Gates និង Warren Buffett ដែលស្នើសុំឱ្យមានការបរិច្ចាគទ្រព្យសម្បត្តិយ៉ាងហោចណាស់ពាក់កណ្តាលនៅក្នុងជីវិតរបស់ពួកគេ ហើយបានបរិច្ចាគជាចម្បងគឺនៅលើការអប់រំវិទ្យាសាស្ត្រនិងវិស្វកម្ម ការស្រាវជ្រាវថាមពលកកើតឡើងវិញ ការស្រាវជ្រាវវិជ្ជាពេទ្យកុមារ និងការរុករកអវកាស។

ប៉ុន្តែការប៉ាន់ស្មានរបស់ Forbes កាលពីខែកញ្ញាបានរកឃើញថា លោក Musk បានបរិច្ចាគប្រាក់តែ ១០០ លានដុល្លារ ដែលតិចជាង ១% នៃទ្រព្យសម្បត្តិរបស់គាត់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយការប្រកួតប្រជែងបង្កើតបច្ចេកវិទ្យាចាប់យកកាបូន ដែលបានស្នើឡើងរបស់លោក Musk នឹងឆ្ពោះទៅរកបុព្វហេតុមួយ ដែលទំនងជាដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងឆ្ពោះទៅមុខជាពិសេសនៅក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកថ្មី Joe Biden ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider

Share This Post: