អន្តរជាតិ

គ្រូពេទ្យម្នាក់នៅរដ្ឋតិចសាស់ត្រូវបានបណ្តេញចេញពីការងារ ដោយសារលួចវ៉ាក់សាំងកូវីដ១៩ យកទៅចាក់ឱ្យគ្រួសារនិងមិត្តភក្តិ

BY
autoadmin
January 22, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា វេជ្ជបណ្ឌិតនៅរដ្ឋតិចសាស់ម្នាក់ឈ្មោះថា Hasan Gokal ត្រូវបានគេបណ្តេញចេញពីកន្លែងការងារ និងចោទប្រកាន់បទព្រហ្មទណ្ឌ បន្ទាប់ពីគាត់បានលួចវ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីឱ្យទៅមិត្តភក្តិ និងសាច់ញាតិរបស់គាត់។ វេជ្ជបណ្ឌិតរូបនោះធ្វើការនៅមណ្ឌលសុខភាព Harris County ហើយគាត់បានលួចយកវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុន Moderna ចំនួន ៩ ក្នុងពេលកំពុងធ្វើការនៅឯកន្លែងចាក់វ៉ាក់សាំង នៅឧទ្យាន Lyndsay Lyons ក្នុងទីក្រុង Humble នៃរដ្ឋ Texas កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅ។

មូលហេតុដែលធ្វើឱ្យលោក Hasan Gokal ត្រូវគេចាប់បានថាមានកំហុសនេះ គឺដោយសារតែគាត់បានអួតអំពីការលួចទៅកាន់អ្នកធ្វើការជាមួយគ្នានៅសប្ដាហ៍បន្ទាប់ ហើយអ្នករួមការងារម្នាក់នោះក៏បានរាយការណ៍ករណីនេះទៅកាន់ថ្នាក់លើ។ ក្រុមរដ្ឋអាជ្ញាក្រោយមកបានកំណត់ថាលោក Hasan Gokal អាយុ ៤៨ ឆ្នាំរូបនេះ បានចាក់វ៉ាក់សាំងនេះដល់មនុស្ស ៩ នាក់ផ្សេងគ្នា រួមទាំងប្រពន្ធរបស់គាត់ផងដែរ។ ទង្វើរបស់គាត់គឺជាការរំលោភលើតួនាទីរបស់ខ្លួន ក៏ដូចជាការដែលយកគ្រួសារ និងមិត្តភក្ដិជាធំ ដែលត្រូវតែប្រឈមមុខជាមួយច្បាប់មិនអាចប្រកែកបាន។

យ៉ាងណាមេធាវីរបស់គាត់ឈ្មោះថា Paul Doyle បាននិយាយថា កូនក្ដីរបស់គាត់មិនបានធ្វើអ្វីខុសធ្ងន់ធ្ងរនោះទេ ដោយសារតែវ៉ាក់សាំងជំងឺ COVID-19 ទាំងនោះគឺមានការបាក់បែកស្រាប់ ទើបបានជាគាត់ស្ដាយវ៉ាក់សាំងទាំងនោះ ហើយក៏ប្រមូលយកទុកខ្លួនឯងតែម្ដងទៅ។ គាត់ស្ដាយវ៉ាក់សាំងដែលបាក់បែកទាំងនោះ ហើយមិនចង់បោះវាចោលនោះទេ។ យ៉ាងណាក៏ដោយគាត់នៅតែត្រូវបានគេបណ្ដេញចេញពីការងារ ព្រោះថាវាជាការបំពានលើគោលនយោបាយចាក់ថ្នាំបង្ការ ដែលតម្រូវឱ្យមានការចាក់ជូនពេទ្យជួរមុខ និងអ្នកមានហានិភ័យខ្ពស់ជាមុន។

ឥឡូវនេះលោកវេជ្ជបណ្ឌិតរូបនេះ ប្រឈមនឹងការជាប់ពន្ធនាគារមួយឆ្នាំ និងពិន័យជាប្រាក់ ៤,០០០ ដុល្លារ ប្រសិនបើរកឃើញមានពិរុទ្ធ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: