អន្តរជាតិ

កងសន្តិសុខជាតិអាមេរិកច្រើនជាង ១៥០នាក់ ដែលបានទៅការពារលោក ចូ បៃឌិន ថ្ងៃស្បថឡើងកាន់តំណែងជាប្រធានាធិបតីថ្មី បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩

BY
autoadmin
January 23, 2021

អាមេរិក៖ កងសន្តិសុខជាតិអាមេរិកចន្លោះពី ១៥០-២០០ នាក់ ដែលត្រូវបានដាក់ពង្រាយឲ្យការពារសន្តិសុខនៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលលោក ចូ បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនោះ ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការធ្វើតេស្តវិជ្ជមានចំពោះកងសន្តិសុខជាតិអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី២២ ខែមករា កន្លងទៅ ខណៈគេជាជឿថា ចំនួនសន្តិសុខដែលវិជ្ជមានជាមួយនឹងជំងឺ COVID-19 នឹងបន្តកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត។

គួររម្លឹកជូនថាតាំងពីសប្តាហ៍មុនមកម្ល៉េះ អាមេរិកបានដាក់ពង្រាយកងកម្លាំងសន្តិសុខជាតិជាង ២៥ ០០០ នាក់ ឲ្យការពារសន្តិសុខនៅជុំវិញវិមានកាពីតូល និងតាមកន្លែងសំខាន់ៗជាច្រើនទៀត ដើម្បីត្រៀមការពារជាមួយនឹងចលនាប្រឆាំងតវ៉ាពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ព្រោះនាពេលកន្លងមកពួកគេទាំងនោះបាននាំគ្នាសម្រុកចូលវិមានកាពីតូលម្តងរួចហើយ ខណៈការបង្រ្កាបចលនានោះបានធ្វើឲ្យមនុស្សចំនួន ៦នាក់ ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។

កម្លាំងសន្តិសុខជាតិអាមេរិកទាំងនោះត្រូវបានគេប្រទះឃើញ ប្រមូលផ្តុំគ្នាយ៉ាងជិតស្និតទាំងក្នុងពេលបំពេញការងារនិងពេលសម្រាក ដោយពួកគេមិនបានរក្សាគម្លាតសុវត្ថិភាពនោះទេ ដូចនេះហើយទើបគេជឿថា ជំងឺ COVID-19 នឹងបន្តរាតត្បាតក្នុងចំណោមក្រុមសន្តិសុខជាតិទាំងនោះជាច្រើននាក់បន្ថែមទៀត។ សូមបញ្ជាក់ថា អាមេរិកមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាង ៤ ០០០ ករណី ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នាមកហើយ ខណៈគិតមកទល់នឹងពេលនេះមានតួលេខអ្នកស្លាប់សរុបជាង ៤២០ ០០០ ករណី និងឆ្លងជាង ២៥ លានករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

Share This Post: