ក្មេងតូចម្នាក់រត់ពន្ធទូរស័ព្ទ iPhone X រាប់សិបគ្រឿងចូលទៅចិនដីគោក
ចិន៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ត្រូវបានមន្ត្រីគយប្រចាំច្រកព្រំដែនចូលទៅកាន់ចិនដីគោកចាប់ខ្លួន បន្ទាប់ពីគេបានរកឃើញថា ក្មេងប្រុសរូបនេះបានព្យាយាមរត់ពន្ធទូរស័ព្ទដៃ iPhone X ចំនួន៤០គ្រឿងខុសច្បាប់ពីក្រុងម៉ាកាវចូលទៅកាន់ចិនដីគោក។ បើតាមមន្ត្រីគយ ដែលបានបង្ក្រាបករណីនេះបានឲ្យដឹងថា ក្មេងតូចរូបនេះមានឈ្មោះថា លី ហើយរូបគេបានលាក់ទូរស័ព្ទចំនួន ១៤ គ្រឿងនៅលើដងខ្លួន និង២៦គ្រឿងផ្សេងទៀតនៅក្នុងកាតាបស្ពាយរបស់គ ហើយបើគិតជាទឹកប្រាក់ទូរស័ព្ទទាំងអស់នោះមានតម្លៃប្រមាណជា ៥៦,៨០០ដុល្លារ។
បើតាមចម្លើយសារភាពរបស់ក្មេងប្រុសរូបនេះបានឲ្យដឹងថា ការពិតគម្រោងរត់ពន្ធទូរស័ព្ទនេះគឺជាគំនិតរបស់ម្តាយគេ ដោយម្តាយគេបានរៀបចំទូរស័ព្ទនោះលើខ្លួនរបស់គេ និងដាក់ក្នុងការតាបស្ពាយរបស់គេ ហើយពេលនេះម្តាយរបស់គេបានទៅដល់ចិនដីគោកបាត់ទៅហើយ។ នៅមុខប៉ូលិស កុមារតូចមិនព្រមប្រាប់ទេថា ម្តាយរបស់គេលាក់ខ្លួននៅកន្លែងណានោះទេ ព្រោះគេខ្លាចប៉ូលិសទៅចាប់ម្តាយរបស់គេដាក់គុក។ យ៉ាងណាក៏ដោយ បន្តិចក្រោយមកខាងមន្ត្រីប៉ូលិសបានបើកការស៊ើបអង្កេត និងអាចឈានទៅរកឃើញកន្លែងដែលម្តាយរបស់លាក់ខ្លួន៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail