ថៃនឹងហាមឃាត់យានយន្តដែលបញ្ចេញផ្សែងខ្មៅលើសកម្រិត ឬអាចមានការពិន័យរហូតដល់តម្លៃបែបនេះ
- BY
- autoadmin
- January 26, 2021
តាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា នៅក្នុងការព្យាយាមដើម្បីកាត់បន្ថយការបំពុល PM2.5 នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកប្រទេសថៃ នឹងធ្វើការដាក់ពិន័យជាកំហិតដល់ម្ចាស់យានយន្តណា ដែលបញ្ចេញផ្សែងខ្មៅលើសពីបទដ្ឋានសុវត្ថិភាព។ អគ្គនាយកលោក Jirut Wisanjit បាននិយាយកាលពីថ្ងៃអាទិត្យថា ការពិន័យនឹងមានរហូតដល់ ៥,០០០ បាត (ជិត១៧០ដុល្លារ) និងផ្អាកការប្រើប្រាស់យានយន្តរហូតដល់វាត្រូវបានជួសជុល។

លោក Jirut Wisanjit បាននិយាយថា នាយកដ្ឋានរបស់លោកបាននឹងកំពុងអនុវត្ត តាមគោលនយោបាយរបស់ក្រសួងដឹកជញ្ជូន ដើម្បីការកាត់បន្ថយការបំពុល PM2.5 ដែលជាភាគល្អិតតូចជាង ២.៥ មីក្រូម៉ែត្រ នៅក្នុងអាកាស។ ចាប់តាំងពីដើមឆ្នាំ២០២១ នាយកដ្ឋាននេះបានត្រួតពិនិត្យរថយន្តចំនួន ៦៨៩ ៣៣៣ គ្រឿង នៅក្នុងតំបន់ទីក្រុងបាងកក និងបានផ្អាករថយន្តចំនួន ៨,៧៦២ គ្រឿង ដែលមានការបំភាយផ្សែងខ្មៅលើសពីកម្រិតសុវត្ថិភាព រហូតដល់ម្ចាស់យានយន្តយកវាទៅជួសជុលឱ្យបានត្រឹមត្រូវ។
នាយកដ្ឋានក៏បានបើកមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្ត ក៏ដូចជាទទួលយកការបង់ពន្ធយានយន្ត-ម៉ូតូ នៅឯតំបន់ Phutthamonthon, Romklao និង Khlong Luang ក្នុងគោលបំណងជួយកាត់បន្ថយចំនួនរថយន្តធុនធំ ដែលត្រូវចូលក្នុងទីក្រុងបាងកកដើម្បីឱ្យមានការត្រួតពិនិត្យ និងបង់ពន្ធរបស់ពួកគេ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






