Moderna ៖ វ៉ាក់សាំងបង្ការរបស់ពួកគេមានប្រសិទ្ធភាពលើជំងឺកូូវីដ១៩ប្រភេទថ្មីៗ ខណៈកំពុងបន្ថែមកម្រិតថ្នាំសម្រាប់ប្រភេទនៅអាហ្វ្រិកខាងត្បូង
- BY
- autoadmin
- January 26, 2021
ក្រុមហ៊ុនជីវវិទ្យាសាស្ត្រអាមេរិក Moderna កាលពីថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ បាននិយាយថា ការសិក្សាមន្ទីរពិសោធន៍របស់ខ្លួនបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលក្រុមហ៊ុនខ្លួនបានបង្កើតឡើង នឹងនៅតែអាចការពារប្រឆាំងនឹងប្រភេទជំងឺ COVID-19 ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ ដោយមានការប្រុងប្រយ័ត្នលើក្រុមវីរុសប្រភេទថ្មីនេះ ក្រុមហ៊ុននឹងបង្កើនជំនួយ (boost) ក្នុងវ៉ាក់សាំងរបស់ខ្លួនបន្ថែមទៀត ដែលនឹងតម្រូវឱ្យមានការចាក់វ៉ាក់សាំងរហូតដល់ទៅ ៣ដង ដែលជំនួយនេះនឹងមានប្រសិទ្ធភាពកាន់តែល្អ សម្រាប់ប្រភេទជំងឺមកពីអាហ្វ្រិកខាងត្បូង។

វ៉ាក់សាំងបច្ចុប្បន្នគឺសម្រាប់ការចាក់ ២ដង ដោយចន្លោះពីគ្នា ៤សប្តាហ៍ ហើយបើទោះបីជាក្រុមហ៊ុនមានជំនឿថា វ៉ាក់សាំងរបស់ខ្លួនអាចបង្ការបានគ្រប់ប្រភេទជំងឺ COVID-19 ក៏ពួកគេនៅតែធ្វើការសិក្សាបន្ថែមពីលើនេះទៀត។ លោក Stephane Bancel នាយកប្រតិបត្តិរបស់ Moderna មានប្រសាសន៍ថា៖«យើងត្រូវបានលើកទឹកចិត្តដោយទិន្នន័យថ្មីទាំងនេះ ដែលជួយពង្រឹងទំនុកចិត្តរបស់យើងថា វ៉ាក់សាំងរបស់ Moderna គួរតែអាចការពារប្រឆាំងនឹងប្រភេទដែលរកឃើញថ្មីៗទាំងនេះ»។
ដើម្បីដឹងពីប្រសិទ្ធភាពវ៉ាក់សាំងដែលកំពុងមានបច្ចុប្បន្ន ដែលត្រូវចាក់ចំនួន ២លើក ឈ្មោះថា mRNA-1273 ក្រុមហ៊ុន Moderna បានយកសំណាកឈាមពីមនុស្ស ៨នាក់ ដែលបានទទួលវ៉ាក់សាំង និងសត្វស្វាដែលមានភាពស៊ាំជាមួយជំងឺ យកមកសិក្សាបន្ថែមទៀត។
ក្នុងនោះពួកគេរកឃើញថា វ៉ាក់សាំងគ្មានការជះឥទ្ធិពលលើកម្រិតបន្សាបអង្គបដិប្រាណ ដែលចងភ្ជាប់ និងបង្ការវីរុសមិនឱ្យចូលទៅកោសិកា សម្រាប់ប្រភេទនៅអង់គ្លេស B117 variant នោះទេ។ ប៉ុន្តែសម្រាប់ប្រភេទ B1351 ដែលរកឃើញនៅអាហ្វ្រិកខាងត្បូង វ៉ាក់សាំងគឺមានការកាត់បន្ថយ ៦ដង នៅក្នុងកម្រិតបន្សាបអង្គបដិប្រាណ។ តែទោះយ៉ាងណាវានៅមានចំនួនតិច ដែលគ្រប់គ្រាន់សម្រាប់ការការពារ។ ក្រុមហ៊ុនក៏បានបង្ហោះការសិក្សានេះចូលទៅក្នុងវេបសាយមុនការបោះពុម្ពផ្លូវការ ដើម្បីឱ្យអ្នកវិទ្យាសាស្ត្រផ្សេងទៀតវិភាគទៅលើការសិក្សានេះផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






