ម្សិលមិញនេះ ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង៣,០០០នាក់ និងស្លាប់១១នាក់ផងដែរ
- BY
- autoadmin
- January 26, 2021
ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី២៥ ខែមករា ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៣ ០៤៨ ករណី ហើយករណីឆ្លងភាគច្រើនត្រូវបានរកឃើញនៅក្នុងរដ្ឋ Selangor មានចំនួន ១ ០៣៥ ករណី ក្នុងរដ្ឋ Johor មានចំនួន ៥២៩ ករណី ក្នុងទីក្រុងកូឡាឡាំពួរមានចំនួន ៣០៥ ករណី ក្នុងរដ្ឋ Sabah មានចំនួន ២៤៨ ករណី និងក្រៅពីនេះគឺត្រូវបានរកឃើញនៅតាមបណ្តារដ្ឋនិងក្រុងផ្សេងៗទៀតទូទាំងប្រទេសម៉ាឡេស៊ីក្នុងចំនួនតិចតួច។

ក្រៅតែពីបានរកឃើញករណីអ្នកឆ្លងថ្មី នៅក្នុងថ្ងៃម្សិលមិញដដែលនេះ ម៉ាឡេស៊ីក៏បានរកឃើញករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១១ ករណីផងដែរ ហើយករណីស្លាប់ទាំងនោះបានកើតមានចំពោះពលរដ្ឋម៉ាឡេស៊ីដែលមានអាយុចន្លោះពី ៥២ ដល់ ៨២ ឆ្នាំ។
ផ្អែកលើចំនួនឆ្លងថ្មីដ៏ច្រើនខាងលើនេះគេអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីនៅតែស្ថិតក្នុងកម្រិតមួយអាក្រក់នៅឡើយ ពោលគឺម៉ាឡេស៊ីមិនទាន់អាចយកឈ្នះទៅនឹងការរាតត្បាតជំងឺបាននៅឡើយទេ។ ស្ថិតនៅក្នុងស្ថានភាពនេះអាជ្ញាធរម៉ាឡេស៊ីបានសម្រេចបិទខ្ទប់ ឬដាក់តំបន់សំខាន់ៗក្នុងគ្រាមានអាសន្នជាបន្តបន្ទាប់ ហើយបើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា រាល់ការបិទខ្ទប់ប្រទេសមួយថ្ងៃម៉ាឡេស៊ីត្រូវខាតបង់ប្រាក់ជាមធ្យមចំនួន ២,៤ ពាន់លានរីងហ្គីត (៥៩៣ លានដុល្លារអាមេរិក) ផងដែរ។ សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨៦ ៨៤៩ ករណី និងស្លាប់ចំនួន ៦៨៩ ករណី៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






