អន្តរជាតិ

កងទ័ពឆ្មាំជាតិប្រមាណ ៧,០០០ នាក់ នឹងនៅតែយាមល្បាតនៅវិមានកាពីតូល ខណៈការជំនុំជម្រះលោក ដូណាល់ ត្រាំ ទំនងជាធ្វើឡើងនៅទីនោះ

BY
autoadmin
January 26, 2021

ក្រុមមន្រ្តីការពារជាតិអាមេរិកនិយាយថា កងទ័ពឆ្មាំជាតិរាប់ពាន់នាក់ ដែលបានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន សម្រាប់ថ្ងៃឡើងកាន់តំណែងប្រធានាធិបតីកាលពីសប្តាហ៍មុន នឹងនៅតែស្ថិតក្នុងរដ្ឋធានីនេះ ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខកាន់តែខ្លាំងឡើង។ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទនេះថា សមាជិកកងការពារជាតិប្រមាណ ៧,០០០ នាក់ ក្នុងចំណោម ២៥,០០០ នាក់ នឹងបន្តផ្តល់សន្តិសុខសម្រាប់សប្តាហ៍ខាងមុខនេះ។ ក្រុមមន្រ្តីបាននិយាយថា វត្តមានយោធាទំនងជាថយមកប្រហែល ៥,០០០ នាក់ នៅពាក់កណ្តាលខែមីនា។

កងទ័ពឆ្មាំជាតិត្រូវបានដាក់ពង្រាយជាបន្ទាន់ បន្ទាប់ពីក្រុមអ្នកប្រឆាំងបានវាយលុកចូលវិមានកាពីតូល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា អាជ្ញាធរកំពុងពិនិត្យមើលព័ត៌មានអំពីផែនការ ដែលសមាជិកសភាអាចនឹងត្រូវគេវាយប្រហារ ខណៈការជំនុំជម្រះលើបទចោទប្រកាន់លើកទី២ ប្រឆាំងនឹងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទំនងជានឹងត្រូវធ្វើឡើងនៅក្នុងព្រឹទ្ធសភា។ ការគំរាមកំហែងទាំងនេះបានជំរុញឱ្យអាជ្ញាធរការពារជាតិ ត្រូវតែរក្សាសមាជិកក្រុមឆ្មាំជាតិឱ្យឈរជើងជុំវិញវិមានកាពីតូល។

ជាមួយគ្នានេះដែរមេបញ្ជាការម្នាក់ ដែលមើលការខុសត្រូវបុគ្គលិកឆ្មាំជាតិនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កងទ័ពប្រហែល ២០០ នាក់ ក្នុងចំណោម ២៥,០០០ នាក់ ដែលត្រូវបានដាក់ពង្រាយតាំងពីថ្ងៃឡើងកាន់តំណែងរបស់លោក ចូ បៃដិន បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែគេមិនទាន់ដឹងថា តើវាឆ្លងរាលដាលយ៉ាងដូចម្តេចក្នុងចំណោមយោធានោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: