នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte នឹងលាលែងពីតំណែងរបស់លោក ដោយសារអសមត្ថភាពក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច និងបញ្ហាជំងឺកូវីដ១៩
- BY
- autoadmin
- January 26, 2021
នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte (យូហ្សិប៉េ កុនតេ) នឹងប្រគល់ពាក្យលាលែងពីតំណែងរបស់លោកនៅថ្ងៃអង្គារនេះ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយព្រឹកដើម្បីជូនដំណឹងដល់រដ្ឋមន្រ្តីរបស់លោក ដោយសាររូបលោកទទួលការរិះគន់យ៉ាងខ្លាំង ចំពោះការដោះស្រាយបញ្ហាជំងឺ COVID-19 ។ ជម្រាបដែរថា អ៉ីតាលីគឺជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលប្រឈមនឹងជំងឺរាតត្បាតជាសកល COVID-19 នៅដើមឆ្នាំ២០២០ និងមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី៦ នៅទូទាំងពិភពលោក ដោយពលរដ្ឋរបស់ខ្លួនជាង ៨៥ ០០០ នាក់ បានស្លាប់ដោយជំងឺនេះ។
![]()
ថ្មីៗនេះតំបន់ចំនួន ៣ ត្រូវបានគេបញ្ជាឱ្យបិទទ្វារឡើងវិញ នៅពេលដែលករណីថ្មីៗបានកើនឡើង ហើយកម្មវិធីចាក់វ៉ាក់សាំងជាតិក៏ត្រូវរងសម្ពាធ ដោយសារក្រុមហ៊ុនយក្ស Pfizer នៅថ្ងៃទី១៥ ខែមករា បានឱ្យដឹងថា ខ្លួននឹងពន្យារពេលការដឹកជញ្ជូនវ៉ាក់សាំងទាំងនោះ។ គណៈរដ្ឋមន្រ្តីត្រូវបានកោះប្រជុំនៅម៉ោង ៩ ព្រឹក នៅពេលនោះលោក Conte នឹងជូនដំណឹងដល់រដ្ឋមន្រ្តីរបស់លោក អំពីបំណងលាលែងពីតំណែង ហើយបន្ទាប់មកលោកនឹងទៅជួបប្រធានាធិបតី Sergio Mattarella ។
ប្រភពព័ត៌មានពីរដ្ឋាភិបាលជាន់ខ្ពស់បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីដែលបានកាន់តំណែងចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨ សង្ឃឹមថា ប្រធានាធិបតីលោក Sergio Mattarella នឹងផ្តល់ការតម្រង់ផ្លូវឱ្យលោកបង្កើតរដ្ឋាភិបាលថ្មីដែលរឹងមាំជាងមុន ជាមួយនឹងការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងសភា។ លោក Conte បានបាត់បង់សំឡេងភាគច្រើនរបស់លោកនៅក្នុងសភាជាន់ខ្ពស់ កាលពីសប្តាហ៍មុន នៅពេលដែលគណបក្ស Italia Viva ដែលដឹកនាំដោយលោកអតីតនាយករដ្ឋមន្រ្តីលោក Matteo Renzi បានលាឈប់ពីក្រុមចម្រុះ ជុំវិញការគ្រប់គ្រងរបស់រដ្ឋាភិបាលលើនៃវិបត្តិជំងឺ និងវិបត្តិសេដ្ឋកិច្ច៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






