អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ

BY
autoadmin
January 28, 2021

ប្រធានាធិបតីអាមេរិកលោក Joe Biden បានមានប្រសាសន៍ថា គាត់នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំពិភពលោក នៅខែមេសាឆ្នាំនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។ សេតវិមានបានប្រកាសពីវិធានការណ៍ជាក់ស្តែងដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនៅថ្ងៃពុធនេះ មួយសប្តាហ៍បន្ទាប់ពីលោក Biden បានចូលកាន់តំណែង។

លោក Biden ចាត់ទុកការដោះស្រាយការប្រែប្រួលអាកាសធាតុជាអាទិភាពកំពូលមួយ សម្រាប់រដ្ឋបាលរបស់លោក។ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃទីមួយនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។ លោកបាននិយាយថា រដ្ឋបាលរបស់លោកដាក់វិបត្តិអាកាសធាតុនៅចំណុចកណ្តាលនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក និងការពិចារណាសន្តិសុខជាតិ។

ដោយប្រកាសពីផែនការនៃកិច្ចប្រជុំកំពូលនៅថ្ងៃទី២២ ខែមេសា សម្រាប់មេដឹកនាំពិភពលោក រួមទាំងមេដឹកនាំពីប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំៗ លោក Biden បានពណ៌នាអំពីការប្រែប្រួលអាកាសធាតុថាជា«ការគំរាមកំហែងមួយដែលយើងកំពុងប្រឈម»។ លោកបានមានប្រសាសន៍ថា៖ «យើងបានរង់ចាំយូរពេកហើយ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុនេះ» យើងមិនអាចនៅរង់ចាំទៀតទេ។

លោក Biden ក៏បានចង្អុលបង្ហាញថា រដ្ឋបាលរបស់លោកនឹងផ្តោតលើការគាំទ្រដល់វិស័យថាមពលកកើតឡើងវិញ ដែលផ្ទុយពីគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ដែលបានជំរុញឱ្យមានការកាត់បន្ថយបទប្បញ្ញត្តិបរិស្ថាន។

ក្រោយមកលោក Biden បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិជាច្រើន រួមមានការផ្អាកការជីកប្រេង និងឧស្ម័នធម្មជាតិថ្មី នៅលើដីនិងដែនទឹកសហព័ន្ធ។ វិធានការណ៍នេះត្រូវបានគេរំពឹងថា នឹងទទួលការរិះគន់ពីឧស្សាហកម្មថាមពល និងកម្មករ។ ឥឡូវនេះការយកចិត្តទុកដាក់គឺថា តើរដ្ឋបាលអាចបង្កើតការងារថ្មីនៅក្នុងវិស័យដែលទាក់ទងនឹងបរិស្ថាន ឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Kyodo News

Share This Post: