អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ធ្វើយ៉ាងណាឱ្យមនុស្សគ្រប់គ្នាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩
- BY
- autoadmin
- January 29, 2021
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីធ្វើឱ្យវ៉ាក់សាំងបង្ការជំងឺ COVID-19 អាចមានសម្រាប់មនុស្សគ្រប់រូប។ ជម្រាបដែរថា លោក Antonio Guterres បានទទួលវ៉ាក់សាំងដូសដំបូងរបស់គាត់ នៅឯកន្លែងសាធារណៈមួយ ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរទីក្រុងនិយាយថា ដោយសារតែគាត់មានអាយុលើសពី ៦៥ឆ្នាំ ប្រធានអង្គការសហប្រជាជាតិរូបនេះ ត្រូវបានគេហៅឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺនេះ។

លោក Guterres បានចេញផ្សាយរូបថតនៃការចាក់វ៉ាក់សាំងរបស់គាត់នៅលើ Twitter ហើយគាត់បានសរសេរថា៖ យើងត្រូវតែធ្វើការដើម្បីធ្វើឱ្យប្រាកដថា វ៉ាក់សាំងនេះមានសម្រាប់មនុស្សគ្រប់រូបគ្រប់ទីកន្លែង»។ លោកបានបន្ថែមថា៖«ជាមួយនឹងជំងឺរាតត្បាតនេះ គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ទាល់តែយើងទាំងអស់គ្នាមានសុវត្ថិភាព»។
គំនិតផ្តួចផ្តើមដែលដឹកនាំដោយអង្គការសុខភាពពិភពលោក និងអង្គភាពដទៃទៀត ក៏កំពុងស្វែងរកការផ្គត់ផ្គង់ និងការចែកចាយវ៉ាក់សាំងដែលមានលក្ខណៈជាសកល ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិ។ ប៉ុន្តែកម្មវិធីនៃវ៉ាក់សាំងប្រឈមនឹងគម្លាតថវិកា ហើយលោក Guterres បានអំពាវនាវម្តងហើយម្តងទៀតដល់ម្ចាស់ជំនួយឱ្យបង្កើនការគាំទ្រនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






